
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិច តែការសម្រេច គឺនៅលើមតិភាគច្រើន មានន័យថា «គ្មានក្រុមណាមួយ ត្រូវបានទាត់ចោលទេ»។

តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានឱ្យដឹងថា កម្ពុជា ប្រកាន់យក របបនយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស ដោយយកការបោះឆ្នោតជាយន្តការ សម្រេចក្នុងការជ្រើសរើសមេដឹកនាំ។ ការបោះឆ្នោតត្រូវធ្វើឡើង ជាទៀងទាត់រយៈពេល ៥ឆ្នាំម្តង ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយកំណត់យកមតិភាគ ច្រើនជាអ្នកឈ្នះ និងដឹកនាំប្រទេស ។ ដំណើរការប្រជាធិបតេយ្យ បាននិងកំពុងប្រព្រឹត្ត ទៅយ៉ាងរលូនប្រកប ដោយសុខសន្តិភាព និងកាន់តែចាក់គ្រឹះរឹង មាំជាលំដាប់ នៅលើទឹកដីកម្ពុជា ។

លោក ថា «ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិច តែការសម្រេច គឺនៅលើមតិភាគច្រើន មានន័យថា គ្មានក្រុមណាមួយត្រូវ បានទាត់ចោលទេ។ អ្នកនៅក្នុងក្រុមមតិភាគតិច ក៏មានសិទ្ធិបញ្ចេញមតិ និងលើកពីសំណូមពរ នានាបានដែរ ។ ប្រសិនបើមតិយោបល់ ឬសំណូមពរទាំងនោះសមហេតុផល ក្រុមមតិភាគច្រើនអាចយក ទៅពិចារណា ដើម្បីជាធាតុ ចូលឬដោះស្រាយតាមការជាក់ស្តែង ។ ប៉ុន្តែ ប្រសិនបើមតិយោបល់នោះ មិនសមហេតុផល ឬគ្រាន់តែ ដើម្បីបម្រើមហិច្ឆតានយោបាយ ផ្ទាល់ខ្លួនដូច ដែលក្រុមមនុស្ស មួយចំនួនបានធ្វើ គ្មានការចាំបាច់ ដែលត្រូវលើកយកមក ពិចារណាឡើយ»។

លោក បន្ដថា នៅកម្ពុជា មានមនុស្សមួយចំនួនតូច ជាពិសេសក្រុមដែលប្រកាន់មនោគមន៍វិជ្ជាជ្រុលនិយមហួសហេតុ ហាក់ដូចជាកំពុងវង្វេងនៅលើវិថីប្រជាធិបតេយ្យនេះ ដោយពួកគេហៅខ្លួនឯងថា «អ្នកប្រជាធិបតេយ្យ» ប៉ុន្តែ អ្វីដែលពួកគេធ្វើផ្ទុយ ស្រឡះពីគន្លងប្រជាធិបតេយ្យ ។ ជាក់ស្តែង ពួកគេចាញ់ឆ្នោតតែបែរជា ដេញអ្នកឈ្នះឆ្នោត ឱ្យចុះចេញពីតំណែង ។ ពួកគេកៀរគរមនុស្សមួយចំនួនតូច ដែលពេលខ្លះមិនដល់១%ផង ឱ្យធ្វើបាតុកម្មហើយ ដាក់សម្ពាធលើរាជរដ្ឋាភិបាល ឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ អាក្រក់ជាងនេះ ពួកគេប៉ុនប៉ងប្រើកម្លាំង ក្រៅច្បាប់ដែលហៅថា ចលនា «បដិវត្តន៍ពណ៌» ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
លោក បន្ថែមថា ក្រៅពីនោះ នៅមានក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលបង្កើតឡើងដោយមនុស្សមួយក្រុមតូច បែរជាតាំងខ្លួនជាតំណាងប្រជាពលរដ្ឋ ហើយដាក់សម្ពាធទៅលើរាជរដ្ឋាភិបាល ឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ ក៏ដូចជាក្រុមអ្នកនយោបាយជ្រុលនិយមដែរ ក្រុមអង្គការសង្គមស៊ីវិលលម្អៀង ទាំងនោះតែងយករឿងអវិជ្ជមានតិចតួច ដែលកើតឡើងក្នុងសង្គម ទៅធ្វើជាមូលដ្ឋាន ក្នុងការវាយតម្លៃ សភាពការណ៍ទូទាំងប្រទេស ដោយមិនខ្វល់ទាល់តែសោះ ពីចំណុចវិជ្ជមាន ដ៏ច្រើនលើសលប់ដែលរាជរដ្ឋាភិបាល សម្រេចបាន។

លើសពីនេះ អ្នកនាំពាក្យ បានឱ្យដឹងទៀតថា ដូច្នេះ ដើម្បីពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា ជម្រើសមានតែមួយគត់ គឺការប្រើប្រាស់យន្តការបោះឆ្នោតដោយគោរព តាមការសម្រេចចិត្ត របស់ប្រជាពលរដ្ឋភាគច្រើន និងគោរពច្បាប់កម្ពុជា។ រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ដែលទទួលសំឡេងគាំទ្រ ភាគច្រើនលើសលប់ពីប្រជាពលរដ្ឋមាន ការទទួលខុសត្រូវខ្ពស់ និងមានគោលនយោបាយ ដែលត្រូវអនុវត្តតាមការ សន្យាជាមួយម្ចាស់ឆ្នោត ដោយមិនអនុញ្ញាតឱ្យក្រុមណាមួយ មកបង្កភាពវឹកវរក្នុងសង្គម តាមទំនើងចិត្តបានឡើយ ៕
