
តូក្យូ៖ ក្រុមហ៊ុ Nissan Motor Co. បានឲ្យដឹងថា ខ្លួនបានតែងតាំងប្រធានផ្នែកផែនការលោក Ivan Espinosa ជានាយកប្រតិបត្តិជំនួសលោក Makoto Uchida ខណៈដែលក្រុមហ៊ុនផលិតរថយន្តដែល កំពុងឈឺស្វែងរកការធ្វើឱ្យអាជីវកម្មរបស់ខ្លួនរស់ឡើងវិញ ក្រោមការដឹកនាំថ្មីបន្ទាប់ពីការដួលរលំ នៃកិច្ចពិភាក្សាបញ្ចូលគ្នាជាមួយក្រុមហ៊ុន Honda Motor Co ។
លោក Espinosa ដែលបានធ្វើការជាចម្បងនៅក្នុងផែនការ ផលិតផលនៅក្រុមហ៊ុន Nissan ក្នុងតំបន់រួមទាំងអាស៊ីអាគ្នេយ៍ ក៏ដូចជាអាមេរិកកណ្តាល និងខាងត្បូង នឹងទទួលតួនាទីកំពូលនៅថ្ងៃទី១ ខែមេសា ខណៈដែលលោក Uchida អាយុ ៥៨ ឆ្នាំនឹងនៅតែជានាយករហូតដល់កិច្ចប្រជុំ ម្ចាស់ភាគហ៊ុនខែមិថុនា។
លោក Espinosa អាយុ ៤៦ ឆ្នាំនឹងត្រូវរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីធ្វើអោយក្រុមហ៊ុនមានជីវិតឡើងវិញ បន្ទាប់ពីដំណើរការសាជីវកម្មរបស់ខ្លួន កាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំងដោយសារតែ ការលក់ធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារសំខាន់ៗ របស់ខ្លួនគឺសហរដ្ឋអាមេរិក និងប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ការរិះគន់បាននិងកំពុងកើនឡើងចំពោះលោក Uchida ចាប់តាំងពីប្រាក់ចំណេញរបស់ក្រុមហ៊ុន Nissan បានធ្លាក់ចុះជាង ៩០ ភាគរយក្នុងរយៈពេល ៩ខែរហូតដល់ខែធ្នូ។ ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ចប់ការពិភាក្សា បញ្ចូលគ្នាជាមួយក្រុមហ៊ុន Honda ដែលនឹងបង្កើតក្រុមរថយន្តធំជាងគេ ទីបីរបស់ពិភពលោក។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានអនឡាញកាលពីថ្ងៃអង្គារ លោក Espinosa បានសន្យាថា នឹងដឹកនាំក្រុមហ៊ុនផលិតរថយន្តត្រឡប់ទៅ រកផ្លូវរីកចម្រើនដោយលើកឡើងថា “ខ្ញុំជឿជាក់ដោយស្មោះថា Nissan មានសក្តានុពលច្រើនជាងអ្វី ដែលយើងកំពុងឃើញនាពេលបច្ចុប្បន្ននេះ” ។ ទោះបីជាមានការរំពឹងទុកកាន់តែខ្លាំងឡើងថា ភាពជាអ្នកដឹកនាំថ្មីរបស់ក្រុមហ៊ុន Nissan កំពុងពិចារណាបន្តការចរចាបញ្ចូលគ្នាជាមួយក្រុមហ៊ុន Honda ក៏ដោយលោក Espinosa បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ។
ទន្ទឹមនឹងនោះលោក Uchida បានទទួលស្គាល់ទំនួលខុសត្រូវរបស់គាត់ ចំពោះការបរាជ័យក្នុងការធ្វើឱ្យក្រុមហ៊ុន Nissan រស់ឡើងវិញដោយលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានថាលោក “មិនអាចទទួលបានទំនុកចិត្ត ពីបុគ្គលិករបស់យើងមួយចំនួន” ហើយថា “ការចាប់ផ្តើមថ្មី នឹងជាផលប្រយោជន៍ដ៏ល្អបំផុតរបស់ក្រុមហ៊ុន Nissan” ៕
ប្រែសម្រួល ឈូក បូរ៉ា
