ព័ត៌មានជាតិ

កម្ពុជា បញ្ចប់វិធានការ ហាមឃាត់ ការនាំចូលជា បណ្តោះអាសន្ន គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចប់វិធានការ ហាមឃាត់ការនាំចូល ជាបណ្តោះអាសន្ន គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ក្រោយផ្អាកមួយ រយៈក្នុងការនាំចូល គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក។

អនុលោមតាមខ្លឹមសារលិខិត របស់ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) មានកិត្តិយសសូមជម្រាប ជូនសាធារណជន ក៏ដូចជាធុរជន ពាក់ព័ន្ធ ជ្រាបថា ការហាមឃាត់ការនាំចូល ជាបណ្តោះអាសន្ន នូវមុខទំនិញគ្រឿង ក្នុងសត្វជ្រូក ចំនួន ២បន្ទាត់ពន្ធ (០២០៦.៤១.០០ និង ០២០៦.៤៩.០០) ដូចមានចែងក្នុងសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវផុតសុពលភាព នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងន័យនេះ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ តទៅ ប្រព្រឹត្តកម្មលើការនាំចូលមុខទំនិញគ្រឿងក្នុង សត្វជ្រូកបង្កកខាងលើ ត្រូវអនុលោមតាមបញ្ញត្តិអនុក្រឹត្យ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ជាធរមានវិញ៕

To Top