ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុង យកចិត្តទុកខ្ពស់លើជនមានពិការភាព តាមរយៈការផ្តល់ឱកាស សិទ្ធិពេញលេញ ភាពស្មើមុខស្មើមាត់គ្នា ក្នុងការទទួលបានការងារធ្វើសមរម្យ និងកិច្ចគាំពារសង្គម។ ទាំងជនមានពិការភាព និងជនមិនមានពិការភាពគឺទទួលបាន នូវអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយណាមួយឡើយ។ នេះជាការលើកឡើងរបស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។
បើតាមលោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលប្រមុខថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់អាណត្តិតែងតែគាំទ្រលើកស្ទួយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ ពួកគាត់ប្រកបដោយភាពសមរម្យ ទទួលបានឱកាសស្មើភាពគ្នា ដូចពលរដ្ឋទូទៅដែរ។ នៅកម្ពុជាគ្មានឡើយការរើសអើងជនដែលមានពិការភាព ជាពិសេសនៅក្នុងវិស័យការងារ ជនមានពិការភាពត្រូវបានលើកទឹកចិត្ត។
លោករដ្ឋលេខាធិការបានលើកឡើងថា បើតាមច្បាប់ស្តីពីការងារវិស័យឯកជនត្រូវទទួលជន ដែលមានពិការភាពចូលបម្រើការងារ ក្នុងនោះត្រូវមានចំនួន១% នៃចំនួនកម្មករនិយោជិតសរុប។
បើតាមលោករដ្ឋលេខាធិការ គិតមកត្រឹមចុងឆ្នាំ២០២៤ មានក្រសួង ស្ថាប័នចំនួន៣៩ បានទទួលយកជនមានពិការភាពចូលបម្រើការងារចំនួន ៣ ៨១៦នាក់ ក្នុងនោះស្ត្រី ៨៨២នាក់ ជនមានពិការកម្រិតធ្ងន់ចំនួន ២ ៣៥១នាក់។ ដោយឡែកវិស័យឯកជន រួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជិកានិងទទួលបានវិញ្ញាបនបត្រចំនួន ២៨៧ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពទូទាំងប្រទេស។ គ្រឹះស្ថានឯកជនទាំងនេះ បានទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារជាង ៥ ៦០០នាក់ ក្នុងនោះស្ត្រីចំនួនជាង ៣ ៥០០នាក់។
ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ការជ្រើសរើសជនមានពិការភាព ឱ្យចូលបម្រើការងារក្នុងក្រសួង ស្ថាប័ន គឺជាការឆ្លើយតប និងអនុវត្តន៍ទៅតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជនមានពិការភាពនៅក្នុងវិស័យសាធារណៈ និងឯកជន ។ លើសពីនេះរាជរដ្ឋាភិបាល បានផ្ដល់អាទិភាពដល់ជនគ្រប់រូប រួមទាំងជនមានពិការភាព នូវឱកាសរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីមានចំណេះជំនាញ ច្បាស់លាស់អាចប្រកបការងារ និងមានទំនួលខុសត្រូវលើមុខតួនាទី ការងារបានគឺជាចំនុចសំខាន់បំផុត។ ស្របគ្នានេះដែរ ក្រសួងក៏មានសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ដែលផ្ដល់ឱកាសស្មើភាពគ្នាដល់សាធារណជនទាំងអស់ ដើម្បីមានឱកាសទទួលបានការអប់រំចំណេះជំនាញ បច្ចេកទេស និងសមត្ថភាពពិតប្រាកដដើម្បីយកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញ សម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា៕






