ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ហៅ​ការដំឡើង​ពន្ធ របស់អា​មេ​រិ​ក​លើ​ដែកថែប និងអាលុយមីញ៉ូម​ថា មិន​សម​ហេតុផល

AFP

ប្រេស៊ីល៖ រដ្ឋាភិបាលប្រេស៊ីល បានហៅការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមដល់ ២៥ភាគរយថាជាទង្វើ “មិនសមហេតុផល និងយល់ច្រឡំ” ។

ក្រសួងការបរទេសប្រេស៊ីល និងក្រសួងអភិវឌ្ឍន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមថា “វិធានការទាំងនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់ប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិក ដែលសរុបជាទឹកប្រាក់ប្រហែល ៣.២ពាន់លានដុល្លារក្នុងឆ្នាំ២០២៤”។

ក្រុមមន្ត្រីបានហៅការសម្រេចចិត្តនេះថា មិនសមហេតុផលដោយសារ “កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ និងសមាហរណកម្មសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ” ដោយកត់សម្គាល់ថាប្រេស៊ីល គឺជាប្រទេសនាំចូលធ្យូងថ្មផលិត ដែកធំជាងគេទីបីរបស់សហរដ្ឋអាមេរិក និងជាអ្នកនាំចេញដែកថែបពាក់កណ្តាល សម្រេចដ៏ធំបំផុតទៅកាន់សហរដ្ឋអាមេរិក។

រដ្ឋាភិបាលបានបន្ថែមថា សហរដ្ឋអាមេរិករក្សាអតិរេកពាណិជ្ជកម្ម យូរអង្វែងជាមួយប្រទេសប្រេស៊ីល ដែលក្នុងឆ្នាំ២០២៤ មានចំនួនប្រហែល ៧ពាន់លានដុល្លារនៅក្នុងទំនិញតែម្នាក់ឯង។

ក្រុមមន្ត្រីបានឲ្យដឹងទៀតថា ប្រទេសប្រេស៊ីលនឹងស្វែងរក ការឆ្លើយតបពាណិជ្ជកម្មដែលអាចកើតមាន ទាំងអស់នៅក្នុងសប្តាហ៍ខាងមុខនេះ គោលបំណង “ដើម្បីប្រឆាំងនឹងផលប៉ះពាល់ដ៏គ្រោះថ្នាក់ នៃវិធានការរបស់សហរដ្ឋអាមេរិក និងការពារផលប្រយោជន៍ជាតិស្របច្បាប់” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top