ភ្នំពេញ ៖ គិតត្រឹមរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មន្រ្តីអត្តសញ្ញាណកម្ម បានបន្តផ្តល់សេវា ជូនប្រជាពលរដ្ឋ ទូទាំងប្រទេសបានជាង ២ម៉ឺនសេវា ។
បើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា សេវាដែលបានផ្តល់ ជូននោះរួមមាន សេវាលិខិតឆ្លងដែន ជាង៩ពាន់ក្បាល លិខិតធ្វើដំណើរជាង១ពាន់ក្បាល សៀវភៅស្នាក់នៅ ជាង៣ពាន់ក្បាល សៀវភៅគ្រួសារជាង ៣ពាន់ក្បាល និងសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាង ៨ពាន់សន្លឹក ។
បើតាមលោក ទូច សុឃៈ សេវាលិខិតឆ្លងដែនមានផ្ដល់ នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីនអន២សែនសុខ សាខាលិខិតឆ្លងដែន ខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប។ សម្រាប់សេវាលិខិតធ្វើដំណើរសេវា ផ្តល់នៅសាខាផ្សារស្ទឹងមានជ័យ និងខេត្តបន្ទាយមានជ័យ ។ ចំពោះសេវាសៀវគ្រួសារ ផ្តល់នៅអធិការដ្ឋានក្រុង ស្រុក ខណ្ឌ សេវាសៀវភៅស្នាក់នៅ ផ្តល់ជូននៅប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំ សង្កាត់ ។
ដោយឡែក ចំពោះសេវាអត្តសញ្ញាណប័ណ្ណ ធ្វើនៅទីតាំងរួមមាន នាយកដ្ឋានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរនៅផ្សារទំនើប អ៊ីអន២។ នេះបើតាមស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ៕
