ព័ត៌មានជាតិ

សម្តេចធិបតី៖ ការផ្តល់គោរមងារ គឺផ្តល់ជូនដល់អ្នកមានស្នាដៃជួយជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកម្ពុជា បានគូសបញ្ជាក់រំលឹកថា ការផ្តល់គោរមងារឧកញ៉ាមិនមែនចេះ តែប្រគល់តាមការនឹកឃើញនោះទេ គឺផ្តល់ជូនទៅដល់អ្នកមានស្នាដៃ ជួយកសាងប្រទេសជាតិ ។

ក្នុងឱកាសអញ្ជើញបិទសន្និបាត របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃ១៤ មីនានេះ សម្តេចធិបតីបានមានប្រសាសន៍ថា ការផ្តល់ដល់គោរមងារគឺ សម្រាប់អ្នកមានស្នាដៃចូលរួមចំណែកជួយសង្គមជាតិ ហើយការផ្តល់ងារឧកញ៉ានេះក៏មាន អ្នកទទួលស្គាល់ដឹងលឺនៅទូទាំងប្រទេស ។

សម្តេចធិបតីគូសបញ្ជាក់ថា “យើងសូមរំលឹកឡើងវិញថា គោរមងារឧកញ៉ាគឺផ្តល់ជូនអ្នកដែលមានគុណសម្បត្តិ ស្នាដៃ គុណបំណាច់នៅក្នុងការចូលរួមអភិវឌ្ឍន៍កសាងជាតិ ហើយរៀបចំតាំងពីឆ្នាំ១៩៩៥មក យើងមានរយៈពេលយូរ ។ កិច្ចការទាំងអស់នេះ គោរមវន្តទាំងអស់គឺជាអ្នកដែលមាន ស្នាដៃដែលមានកិច្ចការគឺលក្ខណៈ អ្នកជោគជ័យ ដែលខិតខំបានពីការតស៊ូ នៅក្នុងការទទួលជោគជ័យខ្លួនឯង” ។

សម្តេចធិបតីបន្តថា គោរមវន្តឧកញ៉ាកាលពីជំនាន់ទី១ ពោលតាំងពីចេញពីរបបខ្មែរក្រហមកាលពីឆ្នាំអំឡុងឆ្នាំ១៩៧៩ សុទ្ធតែជាអ្នកតស៊ូចេញពីបាតដៃទទេរ ហើយខិតខំអភិវឌ្ឍន៍ខ្លួនឯងរហូតមកដល់មានជីវភាពធូរធារ ហើយក៏បានចូលរួមចំណែកជួយជាតិផងដែរ ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបន្ថែមទៀត ការផ្តល់គោរមងារនេះ ក៏ផ្តល់ឲ្យសម្រាប់អ្នកដែលមានជោគជ័យក្នុងជីវិត ។ ម្យ៉ាងទៀតការផ្តល់ឲ្យនេះ ក៏សម្រាប់អ្នកដែលផ្តល់ការងារឲ្យប្រជាពលរដ្ឋបានធ្វើដែរ។

សម្តេចធិបតីអះអាងទៀតថា ការរៀបចំផ្តល់គោរមងារឧកញ៉ា គឺជាការផ្តល់នូវឱកាសដើម្បីឲ្យពលរដ្ឋ មានការទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ខ្លួន។

ទន្ទឹមនឹងនេះ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ហើយរាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីជួយនៅក្នុងការអភិវឌ្ឍន៍សង្គម គឺសមាគមឧកញ៉ាកម្ពុជា តែងតែចូលរួមគាំទ្រឧបត្ថម្ភរៀងរាល់ពេល ក្នុងនោះមានការចូលរួមឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនជាដើម ៕

To Top