ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ស្នើដល់វិស័យឯកជន ក៏ដូចជាសមាគមឧកញ៉ាកម្ពុជា រួមគ្នាពង្រីកការកៃឆ្នៃគ្រាប់ស្វាយចន្ទី ឱ្យបានកាន់តែច្រើន ដើម្បីធ្វើការនាំចេញ ខណៈពេលដែលកម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិពភលោក ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយសមាគមឧកញ៉ាកម្ពុជា នារាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា កំពុងក្លាយជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិពភលោក ដែលពីមុន គឺប្រទេសកូដេវ័រ ក្នុងពេលដែលកម្ពុជា មានការកែឆ្នៃខ្លួនឯងបានតិចតួចក្នុងការនាំចេញ ។
ដោយឡែកសម្តេចតេជោ បង្ហាញថា សម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ គិតត្រឹមប្រទេសវៀតណាម កម្ពុជា នាំចេញប្រមាណ ជាង៨០ម៉ឺនតោន ។ ដោយឡែកវៀតណាមជាប្រទេសទី១ ដែលនាំគ្រាប់ស្វាយចន្ទីចែកចាយ ទៅកាន់ទីផ្សារពិភពលោក ជាមួយប្រទេសឥណ្ឌាជាប្រទេសទី២ ដែលចែកចាយ គ្រាប់ស្វាយចន្ទី ទៅទីផ្សារពិភពលោក ។
ក្នុងនោះសម្តេចតេជោ បានលើកឡើងថា ក្រោយពីបានចូលរួមប្រជុំជាថ្នាក់ដឹកនាំនៃប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំវៀតណាម បានគាំទ្រ ឱ្យមានការវិនិយោគលើការកៃឆ្នៃ នៅកម្ពុជា ប្រសើរជាងការដឹកជញ្ជូន ទៅបប្រទេសវៀតណាម ។
សម្តេចតេជោ មានប្រសាសន៍ថា “បើយើងដាំដំណាំឧស្សាហកម្មបានច្រើន ដូចជាស្វាយចន្ទី ទន្ទឹមនឹងលើកកម្ពស់ជីវភាព កសិកររបស់យើង យើងបង្កើតបាន គម្របព្រៃឈើកាន់តែធំ ដែលធានាឱ្យភាពបៃតង់ របស់កម្ពុជា ចំណុចនេះគួរត្រូវបានរួមគ្នា ឱ្យយើងក្លាយទៅជាកសិ-ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្ម នេះជាការប្រែក្លាយគោលដៅឈានទៅរកប្រទេសដែលមានការអភិវឌ្ឍទៅឆ្នាំ២០៥០ ប៉ុន្តែបើយើងមិនរុញបញ្ហានឹងទេគឺច្បាស់ណាស់ថា យើងជាប់នៅក្នុងអន្ទាក់ នៃប្រទេសដែលមានប្រាក់ចំណូលទាបហើយ” ។
ក្នុងនោះ សម្តេចតេជោ សង្ឃឹមថា ក្រុមហ៊ុនទាំងអស់នៅកម្ពុជា មិនថាតូច មិនថាធំ ដោយមិនចាំបាច់កែឆ្នៃក្នុងទ្រង់ទ្រាយធំពេកនោះទេ ត្រឹមតូចៗ និងមិនចាំបាច់ដាក់ទីតាំង ដែលនាំឱ្យធ្វើការដឹកជញ្ជូនវែងឆ្ងាយនោះដែរ ។
សម្តេចតេជោ មានប្រសាសន៍បន្ថែមថា “មានក្រុមហ៊ុនបរទេសខ្លះ មកលេងជាមួយខ្ញុំ គេថា គួរកុំដាក់ខ្នាតធំ ឧទាហរណ៍ប្រមូលផ្តុំដាក់នៅខេត្តមួយ ត្រូវដឹកពីខេត្តមួយផ្សេងទៀត ចឹងទេវាចំណាយលើកការដឹកជញ្ជូនវាធំ ចឹងយើងធ្វើក្នុងទំហំក្នុងកម្រិតណាមួយ ដែលអាចនឹងបម្រើឱ្យការនាំចេញរបស់យើង កាន់តែច្រើន និងសម្បូរបែប៕
