ភ្នំពេញ ៖ រថយន្ត១គ្រឿងបានរេចង្កូតធ្លាក់ផ្លូវ នៅខ្នងភ្នំគីរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ធ្វើឲ្យមនុស្សរងរបួសធ្ងន់២២នាក់។នេះបើតាមស្នងការខេត្តកំពង់ស្ពឺ។


ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៥ និង ១៥ នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅចំណោទផ្លូវបេតុងឡើងទៅតំបន់ទេសចរណ៍ ក្រុមហ៊ុនវីរៈប៊ុនថាំ “ ឧទ្យានបោះតង់ “ នៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។


មុនកើតហេតុ រថយន្តបើកចុះមកពីតំបន់លេងកំសាន្ដក្រុមហ៊ុនវីរៈប៊ុនថាំ មកតាមផ្លូវបេតុង នៅក្នុងរថយន្ដមានអ្នកដំណើរសរុប២៨នាក់ ស្រី២០នាក់ មកពីខេត្ដស្វាយរៀងទាំងអស់ ជាប្រភេទរថយន្តទេសចរណ៍ម៉ាក MITSUBISHI ស្លាកលេខ ស្វាយរៀង 3A-2400 ពណ៍ស ។

អ្នកបើកបរដោយឈ្មោះ ព្រាប ផល្លី ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង កំពុងរងរបួសធ្ងន់ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកភ្នំស្រួចបានឲ្យដឹងថា ករណីគ្រប់យ៉ាងអាចមកពីកត្ដារថយន្ដដាក់លេខមិនចូល ក្រោយដោះលេខចុះចំណោទខ្លាំង អ្នកបើកបរដាក់ទប់ល្បឿនរថយន្ត រួចបាត់ម្ចាស់ការតែម្ដង ទើបអ្នកបើកបរទាញចង្កូតរថយន្ដ ចេញពីគន្លងផ្លូវកោងចំណោទ បុកដើមឈើស្រស់ក្រឡាប់តែម្ដង។

ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើបណ្តាលឲ្យអ្នករងរបួស ២២នាក់ (ស្រី១៥នាក់) ក្នុងនោះ របួសធ្ងន់ ១៥នាក់ (ស្រី១១) និងរបួសស្រាល ៧នាក់ (ស្រី៤) ។ ចំពោះអ្នករបួសក្នុងហេតុការណ៍ខាងលើទាំង ២២ នាក់ ត្រូវបានកំលាំងមានសមត្ថកិច្ចជួយសង្រ្គោះបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ៕
