បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump គ្រោងនឹងជួបសន្ទនា តាមទូរស័ព្ទ នៅថ្ងៃអង្គារសប្តាហ៍នេះ។
លោកPeskov បានបញ្ជាក់ពីការប្រកាស មុននេះ ដោយលោក Trump ដែលបានប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យថា លោកគ្រោងនឹងពិភាក្សាជាមួយលោក Putin នៅថ្ងៃអង្គារដើម្បីពិភាក្សា អំពីលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាព នៅក្នុងជម្លោះអ៊ុយក្រែន។
ដោយបញ្ចេញមតិលើព័ត៌មានលម្អិត នៃការហៅទូរសព្ទនា ពេលខាងមុខ លោក Trump បានផ្តល់យោបល់ថា ខ្លួននឹងផ្តោតលើការពិតនៃដែនដី នៅក្នុងអ៊ុយក្រែន និង ការទាមទាររបស់ទីក្រុងគៀវចំពោះដែនដីបច្ចុប្បន្នរបស់រុស្ស៊ី ក៏ដូចជារោងចក្រថាមពល ដែលងាយរងគ្រោះថ្នាក់ ដោយជម្លោះនេះផងដែរ។
ថ្លែងទៅលើផែនការជំនួប តាមទូរស័ព្ទនាពេលខាងមុខនេះ បេសកជនពិសេស របស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយមុននេះហើយដែរថា លោក Trump និងលោក Putin ត្រូវបានគេរំពឹងថា នឹងពិភាក្សា អំពីបទឈប់បាញ់នៅអ៊ុយក្រែន ដែលស្នើឡើងដោយ សហរដ្ឋអាមេរិក។
គួរឲ្យដឹងដែរថា លោក Witkoff បានជួបជា មួយលោក Putin នៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុន ដើម្បីបង្ហាញគាត់ នូវព័ត៌មានលម្អិត នៃបទឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលកន្លងមកទីក្រុងគៀវ បានយល់ព្រមក្នុងកិច្ចចរចានេះ រួចទៅហើយនៅប្រទេស អារ៉ាប៊ីសាអូឌីត កាលពីដើមសប្តាហ៍មុន៕
ប្រែសម្រួល៖ស៊ុនលី
