ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ស្ថានភាពអ្នកគាំទ្រ អតីតបក្សប្រឆាំង ប្រៀបដូចចង្កៀងអស់ប្រេង

ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គិតមកទល់បច្ចុប្បន្ន ស្ថានភាពអ្នកគាំទ្រ របស់អតីតគណបក្សសង្រ្គោះជាតិ ប្រៀបបីដូចជាចង្កៀង ជិតអស់ប្រេងទៅហើយ ។

លោកប៉ែន បូណា បានថ្លែងអះអាង ពីអ្នកគាំទ្រ របស់អតីតបក្សប្រឆាំងជិតអស់ប្រេងនេះ ដោយសារលោកមើលឃើញពីករណីបាតុកម្មនៅប្រទេសកូរ៉េ ដែលមានអ្នកខ្លះអួតអាងថា មានមហាជន ចូលរួមជាច្រើនពាន់នាក់នោះ តែតាមការពិតមានតែជាង ២០០នាក់ប៉ុណ្ណោះ ខណៈពលករខ្មែរ ធ្វើការនៅទីនោះខ្ទង់៦ម៉ឺននាក់ ។

លោកថា អ្នកចូលរួមបាតុកម្មមិនដល់១ភាគរយផង ដែលនេះសបញ្ជាក់ថា អ្នកគាំទ្រស្ទើរតែអស់ទាំងស្រុង ហើយដោយកាន់តែរួមតូចៗទៅ ។

ប្រធានអ្នកនាំពាក្យបញ្ជាក់ថា “តិចទៀតអស់ ដូចចង្ក្រៀងអស់ប្រេង វាឈានទៅរលត់ ។ នេះជាស្ថានភាពពិតដែលបាននិងកំពុងកើតឡើង ។ អីចឹងអ្នកដែលជឿតាមក្រុមជ្រុលនិយម គឺអត់មានទេឥឡូវនេះ តិចតួចមែនទែន ហើយអ្នកដឹកនាំក្បាលម៉ាស៊ីនដែលនៅសល់តិចតួចមួយក្តាប់តូច ក៏មិនប្រាកដផងថា អ្នកទាំងអស់ហ្នឹងសុទ្ធតែជាអ្នកស្មោះស្ម័គ្រផង ។ នេះជារឿងពិតដែលយើងបានឃើញជាក់ស្តែង ទាំងក្នុងនិងក្រៅប្រទេស” ។

លោកប៉ែន បូណា បន្តថា ផ្ទុយទៅវិញប្រជាពលរដ្ឋខ្មែរ ដ៏ច្រើនលើសលុបនៅតែបន្តសកម្មភាពគាំទ្រ រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះដែរ ប្រធានអ្នកនាំពាក្យក៏បានផ្ញើសារ ទៅក្រុមប្រឆាំងថា គួរប្តូររបៀបធ្វើនយោបាយ ព្រោះដោយសារការដឹកនាំ ច្រណែនឈ្នាននីស បានធ្វើឲ្យបែកខ្ញែកដោយអ្នកខ្លះចេញទៅបង្កើតគណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល ព្រោះអស់ជំនឿលើការ ដឹកនាំរបស់មេឧទ្ទាមក្រៅច្បាប់។

សូមបញ្ជាក់ថា ការលើកឡើង ពីការអស់អ្នកគាំទ្រទៅលើអតីតមេបក្សប្រឆាំងនេះរបស់លោកប៉ែន បូណានេះ ក៏ស្របទៅនឹងវិទ្យុអាស៊ីសេរី ដែលផ្សាយជាខេមរភាសា ដែលមានចរឹកផ្សព្វផ្សាយព័ត៌មាន បែបញុះញង់ និង គាំទ្រពីសកម្មភាពប្រឆាំង របស់មេឧទ្ទាមក្រៅច្បាប់ ត្រូវបានរដ្ឋបាលលោកដូណាល់ ត្រាំបញ្ឈប់ការឧបត្ថម្ភប្រាក់ ទ្រទ្រង់ទៅដល់វិទ្យុនេះ កាលពីថ្ងៃទី១៧ មីនា ៕

To Top