ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា ការចាប់ខ្លួនសមាជិកគណបក្សប្រឆាំង៣នាក់ មកពីគណបក្សភ្លើងទៀន និងគណបក្សឆន្ទះខ្មែរ ព្រមទាំងអាជីវករម្នាក់ មិនជាប់ពាក់ព័ន្ធ ទៅនឹងការធ្វើសកម្មភាពនយោបាយនោះទេ ប៉ុន្តែគឺពាក់ព័ន្ធបទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងបទប្រមាថ ។
ការចេញសេចក្តីប្រកាសព័ត៌មាននេះ បន្ទាប់ពីគណបក្សភ្លើងទៀន និងគណបក្សឆន្ទះខ្មែរបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃ១៨ មីនា ថា ការចាប់ខ្លួនពួកគាត់នេះ ដើម្បីជាការបំបាក់ស្មារតី និងបំបិទសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ។
ពួកគាត់ទាំង៤នាក់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ចាប់ពីថ្ងៃ១៣-១៧មីនា ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យស្នងការភ្នំពេញ ជុំវិញការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ កាលពីថ្ងៃ១៨ មីនា ការចាប់ខ្លួនពួកគាត់ ដោយសារការប្រើប្រាស់បណ្តាញសង្គមយកមកធ្វើសកម្មភាព ញុះញង់ និងអុជអាលតាមរយៈបំភ្លៃព័ត៌មានខុសពីការពិត បង្កឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសថ្នាក់ ដឹកនាំកម្ពុជា ដែលជាអំពើត្រូវចាត់ជាបទល្មើសព្រហ្មទណ្ឌ។
សេចក្តីប្រកាសបញ្ជាក់ថា “ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ គឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្ត បទល្មើសដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និង ការធ្វើទុក្ខបុកម្នេញផ្នែក នយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ” ។
ជាមួយនឹងការចោទប្រកាន់ពីគណបក្សប្រឆាំងទាំង២ អ្នកនាំពាក្យស្នងការភ្នំពេញ ក៏បានបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលចុះផ្សាយនៅថ្ងៃទី១៨ មីនា ព្រោះនៅក្នុងសង្គមនីតិរដ្ឋ ការអនុវត្តវិធានការច្បាប់ទៅលើបុគ្គល ដែលបានធ្វើសកម្មភាពបង្កចលាចលដល់ សណ្តាប់ធ្នាប់សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខសង្គម ៕
