បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសបារាំង នឹងធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយ របស់ខ្លួននៅតាមព្រំដែន ជាមួយប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់យន្តហោះចម្បាំង Rafale ដែលបំពាក់ដោយកាំជ្រួចនុយក្លេអ៊ែរ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មូលដ្ឋាន Luxeuil-Saint-Sauveur ស្ថិតនៅភាគខាងកើត ប្រទេសបារាំង មានអាវុធនុយក្លេអ៊ែរ រហូតដល់ឆ្នាំ ២០១១ នៅពេលដែលយន្តហោះ ត្រូវបានផ្លាស់ប្តូរទីតាំងទៅកន្លែងផ្សេង ។
លោក Macron បាននិយាយថា “មូលដ្ឋានទ័ពអាកាស Luxeuil នឹងក្លាយជាមូលដ្ឋានដំបូងគេដែលធ្វើជាម្ចាស់ផ្ទះនៃកំណែបន្ទាប់នៃយន្តហោះចម្បាំង Rafale និងកាំជ្រួចនុយក្លេអ៊ែរ លឿនជាងសំឡេងរបស់វា” ។
លោកប្រធានាធិបតីបានប្រកាសថា “នៅឆ្នាំ ២០៣៥ មូលដ្ឋាន Luxeuil នឹងក្លាយជាមូលដ្ឋានដំបូងគេដែលធ្វើជាម្ចាស់ផ្ទះនៃកំណែបន្ទាប់នៃ Rafale និងកាំជ្រួចនុយក្លេអ៊ែរលឿនជាងសំឡេងរបស់វា” ។ លោកបានបន្ថែមថា យោធភូមិនឹងបង្កើនទំហំទ្វេដងដល់បុគ្គលិកយោធា និងស៊ីវិលជិត ២.០០០ នាក់ ដើម្បីទទួលបានក្រុមកងទ័ព Rafale ចំនួន ២ ។
រដ្ឋាភិបាលនឹងចំណាយប្រាក់ ១,៥ ពាន់លានអឺរ៉ូ (១,៦៤ ពាន់លានដុល្លារ) ដើម្បីធ្វើទំនើបកម្មមូលដ្ឋាន និងបង្កើនល្បឿនការបញ្ជាទិញយន្តហោះចម្បាំង Rafale ។
ដោយមិននិយាយពីឈ្មោះរុស្ស៊ី លោក Macron បាននិយាយថា ប្រទេសបារាំង បានរកឃើញខ្លួនឯងនៅក្នុង “ពិភពលោកដ៏គ្រោះថ្នាក់ និងមិនប្រាកដប្រជា” ចាប់តាំងពីអរិភាពបើកចំហបានផ្ទុះឡើងរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវក្នុងឆ្នាំ ២០២២៕
ប្រែសម្រួលៈ ណៃ តុលា
