ព្រះសីហនុ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានក្ដីសង្ឃឹមថា នៅឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការ សម្អាតខេត្តព្រះសីហនុ ជាកន្លែងដែលសុវត្ថិភាពល្អ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីខេត្តព្រះសីហនុ មានសក្តានុពលសេដ្ឋកិច្ចធំ យ៉ាងណាក៏ដោយ បើគ្មានធនធានមនុស្ស មិនអាចជំរុញសក្តានុពល សេដ្ឋកិច្ចបាននោះឡើយ។
សម្តេចបវរធិបតី បន្ដថា ខេត្តព្រះសីហនុ ដែលជាខេត្តមានសក្តានុពល ហើយកត្តាសន្ដិសុខនេះ គឺដាច់ខាតត្រូវតែធ្វើ និងធនាសុវត្ថិភាព ជូនប្រជាពលរដ្ឋ ខណៈអាជ្ញាធរ នាពេលកន្លងធ្វើបានល្អហើយ ប៉ុន្ដែនៅមានបញ្ហាខ្លះៗ ហើយអាជ្ញាធរ ត្រូវខិតខំរួមគ្នា ដើម្បីធ្វើកិច្ចការងារនេះជាបន្ដទៀត។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ហើយសង្ឃឹមថា ២០២៥នេះ យើងនឹងអាចឈានទៅដល់ ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងដែលសុវត្ថិភាពល្អ យើងនៅបន្ដធ្វើទៀត»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា ក្រៅពីនោះ ខេត្តផ្សេងៗ ដូចគ្នាដែរ គឺត្រូវធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ អ្នកវិនិយោគ និងប្រជាពលរដ្ឋ ជាដើម។ សម្ដេច ថា ឥឡូវនេះ នៅរាជធានីភ្នំពេញ ម៉ោង ២ ឬម៉ោង៣ ភ្លើ នៅមានប្រជាពលរដ្ឋដើរលេងកម្សាន្ដ៕
