ការ៉ាកាស៖ រដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា លោក Diosdado Cabello បានឲ្យដឹងថា “ការហែក្បួនដ៏អស្ចារ្យ” នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារនេះ ដើម្បីគាំទ្រដល់សិទ្ធិជនចំណាកស្រុក បន្ទាប់ពីការនិរទេសរបស់សហរដ្ឋអាមេរិក នៃជនជាតិវេណេស៊ុយអេឡារាប់រយនាក់នាពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Cabello បានលើកឡើងថា ព្រឹត្តិការណ៍នេះគឺនៅក្នុង “ការឆ្លើយតបចំពោះអ្នកដែលនៅជុំវិញពិភពលោក ដែលចង់ធ្វើបាបប្រជាជនវេណេស៊ុយអេឡារបស់យើង និងចំពោះអ្នកដែលបង្ហាញអំពីភាពត្រឹមត្រូវ វិធានការណ៍ដ៏អាក្រក់ និងកំសាកបំផុតប្រឆាំងនឹង ប្រជាជនវេណេស៊ុយអេឡា”។
ការហែក្បួននេះកើតឡើងក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានសម្រេចចិត្តអំពាវនាវច្បាប់ Alien Enemies Act ឆ្នាំ១៧៩៨ ដែលជាច្បាប់ក្នុងសម័យសង្គ្រាម ដើម្បីនិរទេសជនចំណាកស្រុកវេណេស៊ុយអេឡាជាង ២០០ នាក់ទៅកាន់ El Salvador ដោយដាក់ឈ្មោះពួកគេថា ជាសមាជិកនៃក្រុមក្មេងទំនើងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ដោយបានបដិសេធការចោទប្រកាន់មុននេះ លោក Cabello បានលើកឡើងថា វេណេស៊ុយអេឡា កំពុងធ្វើការ ដើម្បីការពារសិទ្ធិជនចំណាកស្រុករបស់ខ្លួន ដោយមានជំនួយពីក្រុមហ៊ុនច្បាប់មួយ ដើម្បីទាមទារ “ឱ្យប្រជាជនវេណេស៊ុយអេឡា ទាំងអស់ត្រូវបានបញ្ជូនត្រឡប់ទៅ កាន់ប្រទេសរបស់ពួកគេវិញ” ៕
ប្រែសម្រួល ឈូក បូរ៉ា
