ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតជូន លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប លោក ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងបានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពថ្មីៗ នៃការរីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តាមរយៈទំនាក់ទំនងការទូតជាច្រើនទសវត្សរ៍ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា លោក ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា «ទំនាក់ទំនងឥណ្ឌា-កម្ពុជា គួរត្រូវបានលើកកម្រិតកាន់ឱ្យតែខ្ពស់ថែមទៀត»។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះគូសបញ្ជាក់ថា «កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាអាទិ៍រួមមាន៖ វិស័យព័ត៌មានវិទ្យា, បច្ចេកវិទ្យាឌីជីថល, អេឡិចត្រូនិក និងការកែច្នៃចំណីអាហារ»។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវជំនឿជាក់ថាបេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែកថែមមួយកម្រិតទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
តាមរយៈជំនួបប្រកបដោយភាពស្និទ្ធស្នាលនាព្រឹកនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានធ្វើការចែករំលែកនូវបទពិសោធន៍ការងារកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការទាក់ទាញជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការពិនិត្យលទ្ធភាពនិងឱកាស ក្នុងការរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ (Investment Roadshow) ទៅកាន់ប្រទេសឥណ្ឌានាពេលអនាគត ដើម្បីជាការបន្ថែមគោលដៅគោះទ្វារទាក់ទាញវិនិយោគដោយផ្ទាល់មួយទៀតពីបរទេសផងដែរ៕


