បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេតបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងខិតជិតមកដល់ឆាប់ៗនេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីឧត្តមសេនិយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ អធិការក្រុង/ស្រុកទាំង៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងរាយការណ៍អំពីលទ្ធផលប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ (គិតចាប់ពីថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។ ជាមួយគ្នានេះ ក៏បានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដល់កងកម្លាំងនគរបាលទាំងអស់ក្នុងអង្គពិធី។
លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការប្រចាំបញ្ជា២៤ម៉ោង ការយាមល្បាត ប្រពន្ធ័ទូរសព្ទ័ទាន់ហេតុការណ៍ ដើម្បីអន្តរាគមន៍ដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា, ពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពតាមមូលដ្ឋាន, បន្តពង្រឹងការផ្តល់សេវាសាធារណៈ សេវាសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អ, បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។
លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្លាំងនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ លួច ឆក់ ប្លន់ ការជួញដូរគ្រឿងញៀន ក្មេងទំនើង អំពើហឹង្សា ការប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ ល្បែងស៊ីសងគ្រប់ប្រភេទ ល្បែងច្រកថង់ទឹកនិងដុំថ្មគប់ ដែលនាំឲ្យមានគ្រោះថ្នាក់ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕


