ប៉េកាំង ៖ របាយការណ៍ស៊ើបការណ៍ សម្ងាត់មួយបានឲ្យឹងថា ប្រទេសចិន បានបង្កការគំរាមកំហែង ផ្នែកយោធាដ៏ទូលំទូលាយបំផុត ចំពោះសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក ហើយមានបំណងចង់ក្លាយច្លួន ជាមហាអំណាចបញ្ញាសិប្បនិមិត្ត កំពូលនៅឆ្នាំ២០៣០ នេះបើយោងតរាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។
របាយការណ៍ដែល ចេញផ្សាយដោយសហគមន៍ ស៊ើបការណ៍សម្ងាត់អាមេរិក បានដាក់ឈ្មោះថា ចិន អ៊ីរ៉ង់ កូរ៉េខាងជើង និងរុស្សី ជាតួអង្គរដ្ឋសំខាន់ៗដែលប្រកួតប្រជែងផលប្រយោជន៍អាមេរិកលើមុខងារជាច្រើន រាប់បញ្ចូលទាំងសន្តិសុខជាតិប្រពៃណី រហូតដល់តាមអ៊ីនធឺណិត ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។
ការវាយតម្លៃការគំរាមកំហែងប្រចាំឆ្នាំ របស់សហគមន៍បានឲ្យដឹងថា “ប្រទេសចិន លេចធ្លោជាតួអង្គ ដែលមានសមត្ថភាពបំផុត ក្នុងការគំរាមកំហែងផលប្រយោជន៍សហរដ្ឋអាមេរិក នៅទូទាំងពិភពលោក ទោះបីជាវាក៏មានការប្រុង ប្រយ័ត្នជាងរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើងអំពីការប្រថុយនឹងមុខមាត់សេដ្ឋកិច្ច និងការទូតរបស់ខ្លួននៅក្នុងពិភពលោក ដោយការឈ្លានពាន និងរំខានខ្លាំងពេក” ។
របាយការណ៍នេះបានព្រមានថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន ដែលជំរុញដោយវិធីសាស្រ្តរបស់រដ្ឋាភិបាលទាំងមូល និងឥទ្ធិពលរបស់វានៅក្នុងការជីកយករ៉ែ និងការកែច្នៃសារធាតុរ៉ែជាច្រើន ដែលមានសារៈសំខាន់សម្រាប់ឧស្សាហកម្ម semiconductor ដូចជា gallium និង germanium ដែលនឹងបង្ហាញពីបញ្ហាប្រឈមជាច្រើន។
ប្រភពបន្ថែមថា “ប្រទេសចិនបានលួចកម្មសិទ្ធិបញ្ញា រាប់រយជីហ្គាបៃពីក្រុមហ៊ុននៅអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលោតផ្លោះលើឧបសគ្គបច្ចេកវិទ្យា” ។ ខណៈដែលទាក់ទាញការយកចិត្តទុកដាក់ ចំពោះទំនើបកម្មយោធា ដ៏ឆាប់រហ័សរបស់ប្រទេសចិន វាបាននិយាយថា កងទ័ពរំដោះប្រជាជន “ប្រហែលជាកំពុង ធ្វើឱ្យមានការរីកចម្រើនជាលំដាប់ ប៉ុន្តែមិនស្មើគ្នាលើសមត្ថភាព ដែលខ្លួននឹងប្រើប្រាស់ក្នុងការប៉ុនប៉ងដណ្តើមយកតៃវ៉ាន់ និងការរារាំង ហើយប្រសិនបើចាំបាច់ នឹងប្រឆាំងការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក” ។
ការវាយតម្លៃក៏បានគូសបញ្ជាក់ពីភាពជាដៃគូពង្រឹងរបស់កូរ៉េខាងជើង ជាមួយរុស្ស៊ីផងដែរ។ ក្នុងនោះប្រភពបានឲ្យដឹងថា ការពឹងផ្អែករបស់កូរ៉េខាងជើង លើប្រទេសចិន ត្រូវបានកាត់បន្ថយ ជាមួយនឹងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី បានជួយរបបរបស់លោក គីម ជុងអ៊ុន ទាំងផ្នែកហិរញ្ញវត្ថុ យោធា និងការទូត៕
