ព័ត៌មានជាតិ

កម្ពុជា គឺជាប្រទេសមួយរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន ខណៈឧក្រិដ្ឋជន បានពង្វក់ស្មារតីពលរដ្ឋ ឱ្យឆ្កួត វង្វេង និងរងគ្រោះ

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដែលរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន ដែលក្រុមឧក្រិដ្ឋជន បានពង្វក់ស្មារតីប្រជាពលរដ្ឋ ឱ្យឆ្កួត វង្វេង និងរងគ្រោះជាដើម។

ក្នុងកម្មវិធីផ្សព្វផ្សាយផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និង លើកទិសដៅការងារ ឆ្នាំ២០២៥ របស់ គ.ជ.ប.ជ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា «កម្ពុជា ក៏ជាប្រទេសមួយ ដែលរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន មានជាអាទិ៍ បទល្មើសជួញដូរមនុស្ស បទល្មើសជួញដូរ ចែកចាយគ្រឿងញៀន និង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម ដែលក្រុមឧក្រិដ្ឋជន បាន និងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុសស្រី ឱ្យឆ្កួត វង្វេង និងរងគ្រោះ ផ្លូវ កាយ ផ្លូវចិត្ត បញ្ញាស្មារតី ទ្រព្យធន និងផ្លូវភេទយ៉ាងធ្ងន់ធ្ងរ រហូតដល់មានរបួស ពិការ វិបល្លាសស្មារតី ឬបាត់បង់ អាយុជីវិតថែមទៀត»។

លោក ឧបនាយករដ្ឋមន្ត្រី បន្ដថា បញ្ហាភាពរងគ្រោះ និងងាយរងគ្រោះរបស់ប្រជាជនកម្ពុជាដែលធ្វើទេសន្តរប្រវេសន៍នៅ ប្រទេសគោលដៅមួយចំនួន ជាពិសេស ក្នុងវិស័យនេសាទសមុទ្រ មិនទាន់ត្រូវអាចដោះស្រាយបាននៅឡើយផង ក៏មានប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ហូរចូលមកប្រទេសកម្ពុជា ទាំងដោយស្របច្បាប់ ទាំងមិន ស្របច្បាប់ និងបានបង្កើតមូលដ្ឋានប្រព្រឹត្តបទល្មើសដោយសម្ងាត់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្កប់នូវបទល្មើសពាក់ព័ន្ធដទៃទៀត រួមទាំងអំពើបង្ខិតបង្ខំដោយគម្រាមកំហែង កេងប្រវ័ញ្ច ជួញដូរ រំលោភ បំពានលើរាងកាយ ផ្លូវភេទ ជាដើម និងអូសទាញឱ្យមានការចូលរួមក្នុងបណ្តាញបទល្មើសយ៉ាងច្រើនកុះករ ដោយ មានទាំងជនល្មើស ទាំងជនរងគ្រោះ។ 

លោក ឧបនាយករដ្ឋមន្ត្រី បន្ថែមថា សមត្ថកិច្ចកម្ពុជា ទទួលបានសេចក្តីរាយការណ៍ និងធ្វើប្រតិបត្តិការ បង្ក្រាប ទីតាំងដែលសង្ស័យថាប្រព្រឹត្តបទល្មើស ជាបន្តបន្ទាប់ ហើយបានសហការជាមួយស្ថានទូត ឬស្ថានតំណាង បេសកកម្មនៃបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋខ្លួន ដែលត្រូវបានរកឃើញនៅកម្ពុជា និងចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ។

លោក ឧបនាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា តាមរបាយការណ៍ របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ដែលបានបង្ហាញដោយ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ អំពើជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ មិនបានថយចុះឡើយ ថែមទាំង បានកើនឡើង ដែលជារួម លទ្ធផលនៃការបង្ក្រាប បានដល់ ១៩៧ករណី គឺកើនចំនួន ៣៣ករណី ស្មើនឹង ២០.១៥% បើប្រៀបធៀបទៅនឹង លទ្ធផលនៃការបង្ក្រាបឆ្នាំ២០២៣។ សមត្ថកិច្ច បានកំណត់អត្តសញ្ញាណរក ឃើញជនរងគ្រោះ ចំនួន ៥២៣នាក់ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ២៧៣ នាក់ ក្នុងនោះមានជន បរទេស ៣០នាក់ផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺមានការកើនឡើងនូវអំពើជួញដូរ ឬធ្វើអាជីវកម្មផ្លូវភេទ លើកុមារ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ មានអនីតិជនរងគ្រោះ អាយុក្រោម១៨ឆ្នាំ រហូតដល់ទៅ ២៣០នាក់ ស្មើនឹង ៤៣.៩៧% នៃចំនួនជនរងគ្រោះសរុប៕

To Top