បរទេស៖ ប្រទេសឥណ្ឌាកំពុងសម្លឹងរក ការបង្កើនពាណិជ្ជកម្មជាមួយប្រទេសចិន ជាវិធានការប្រឆាំងនឹងការតម្លើងពន្ធពីអាមេរិកដែលជិតមកដល់, នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Indian Express។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពន្ធតបតវិញ លើផលិតផលទាំងអស់ពីប្រទេសអាស៊ីខាងត្បូង ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែមេសាខាងមុខ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា របាយការណ៍នេះបានដកស្រង់ប្រភពបាននិយាយថា ប្រទេសឥណ្ឌាកំពុងពិចារណាកែសម្រួលគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគរបស់ខ្លួន ហើយចង់បន្ធូរបន្ថយការរឹតបន្តឹង មួយចំនួនជាមួយប្រទេសចិនដែលបានដាក់ចេញ ក្នុងការឆ្លើយតបទៅនឹងការប៉ះទង្គិចនៅតាមព្រំដែនក្នុងឆ្នាំ ២០២០។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានតានតឹងចាប់តាំងពីការប៉ះទង្គិចគ្នា ដែលក្នុងនោះទាហានពីភាគីទាំងពីរត្រូវបានសម្លាប់។
បន្ទាប់ពីកិច្ចចរចាផ្នែកយោធា និងការទូតជាច្រើនជុំកាលពីខែតុលាឆ្នាំមុន រដ្ឋាភិបាលទីក្រុងញូវដែលី និងទីក្រុងប៉េកាំង បានប្រកាសកិច្ចព្រមព្រៀងមួយស្តីពីការផ្តាច់ចេញពីចំណុចឧបសគ្គ ហើយបានយល់ព្រមធ្វើការ លើការធ្វើឱ្យទំនាក់ទំនងឱ្យមានលក្ខណៈធម្មតា។ បន្ទាប់ពីនេះ សំណើមួយចំនួនដើម្បីបន្ធូរបន្ថយការរឹតបន្តឹងពាណិជ្ជកម្ម និងការវិនិយោគរវាងឥណ្ឌា និងចិន ទទួលបានសន្ទុះដែលជំរុញដោយតម្រូវការឧស្សាហកម្ម។
សំណើនេះរួមមានការបន្ធូរបន្ថយ ការរឹតបន្តឹងទិដ្ឋាការសម្រាប់ជនជាតិចិន កាត់បន្ថយពន្ធគយ និងរបាំងមិនមែនពន្ធលើការនាំចូលមួយចំនួន និងអាចអនុញ្ញាតឱ្យកម្មវិធីចិនដូចជា TikTok ដំណើរការម្តងទៀត៕
ប្រែសម្រួលៈ ណៃ តុលា
