ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ភារកិច្ច ជូនទីបញ្ជាការស្រាលចំនួន២ កំពុងប្រចាំការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅតំបន់ដែន ជម្រកសត្វព្រៃបឹងពែរ ឃុំសាគ្រាម  ស្រុកប្រាសាទបល្ល័ង្ក!

កំពង់ធំ: នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះ សំណាលសាកសួរសុខទុក្ខ ស្ដាប់របាយការណ៍អំពីសកម្មភាពការងារ និងប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលចំនួន២ នៅតំបន់ភ្នំប្រង់ និងតំបន់ជាំក្របី ស្ថិតនៅក្នុងឃុំសាគ្រាម  ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

លោក អ៉ី  វិចអុល និងលោក ញឹម ចាន់ធី  មន្ត្រីឧទ្យានុរៈ នៃមន្ទីរបរិស្ថានខេត្ត និងជាប្រធានទីបញ្ជាការស្រាល តំបន់ភ្នំប្រង់ និងតំបន់ជាំក្របី ក្នុងដែនជម្រកសត្វព្រៃបឹងពែរ បានឡើងរាយការណ៍អំពីការ អនុវត្តសកម្មភាពការងារ ក្នុងរយៈពេលកន្លងទៅ និងបានបញ្ជាក់អំពីចំណុចខ្លាំង បញ្ហាប្រឈម និងបានសំណូមពរបញ្ហាមួយចំនួន ដើម្បីបម្រើសកម្មភាពការងារ ការពារទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំងពីរ  ដែលប្រចាំការបំពេញភារកិច្ច បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រដែន ជម្រកសត្វព្រៃបឹងពែរ ក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ក្នុងរយៈពេលកន្លងទៅទទួល បានលទ្ធផលល្អប្រសើរ  ដោយបានទប់ស្កាត់មិន ឱ្យមានការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិបានឡើយ ។ ជាមួយនោះដែរ កងកម្លាំងចម្រុះទាំងអស់ បានសហការ ក្នុងការយាមល្បាតការពារដីព្រៃ ដែលបានរកឃើញ និងដកហូតបានពីក្រុម ជនល្មើសលួចកាប់ទន្ទ្រាន នាពេលកន្លងទៅ ធ្វើការគ្រប់គ្រង មិនឱ្យមានការបាត់បង់ទៅវិញ នឹងបានស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទមើល ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ផងដែរ ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះទាំង២ ទីបញ្ជាការស្រាល ត្រូវបន្តសកម្មភាព ដោយគ្មានការដកថយឡើយ ក្នុងការការពារទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព  ដាច់ខាតមិនឱ្យមានការកាប់ទន្ទ្រាន យកដីរដ្ឋធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡើយ។

   នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ទនៈ រួម​មាន​អង្ករ​ចំនួន​ ២០០​ គីឡូ​ក្រាម​ មី​ជាតិ​ចំនួន​ ១០​ កេស​ ត្រី​ខ​កំប៉ុង​ចំនួន​១០​ យួរ​  ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​ ១២​ យួរ​  និង​ ប្រេង​សាំង​ ចំនួន​ ៤០០​ លីត្រ​ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនកងកម្លាំងចម្រុះទាំង២ ទីបញ្ជាការស្រាល ដើម្បីបន្តសកម្មភាពឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ៕
ដោយសំនៀង

To Top