ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក កុំគិតគូរពីតក្កវិជ្ជា អនុត្តរភាពរបស់ខ្លួន ទៅលើចិន

xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Guo Jiakun បានឲ្យដឹងនៅក្នុងទីក្រុងប៉េកាំងថា ប្រទេសចិនបានជំរុញ ឱ្យសហរដ្ឋអាមេរិកកុំឱ្យគិតគូរពីតក្កវិជ្ជាអនុត្តរភាព របស់ខ្លួនទៅលើប្រទេសចិន ឬមើលទំនាក់ ទំនងចិន-អាមេរិក តាមរយៈចិត្តគំនិតសង្រ្គាមត្រជាក់ហួសសម័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេសចិន រូបនេះ បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំ ដើម្បីឆ្លើយតបទៅ នឹងសំណួរ ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីរបាយការណ៍ របស់សហរដ្ឋអាមេរិក ដែលអះអាងថា ប្រទេសចិន គឺជាប្រទេសកំពូល ខាងយោធា និងការគំរាមកំហែងតាមអ៊ីនធឺណិត របស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា ភាគីសហរដ្ឋអាមេរិកបានចេញផ្សាយ របាយការណ៍ដែលមិនទទួលខុសត្រូវ និងលម្អៀងទាំងនេះពីមួយឆ្នាំទៅមួយឆ្នាំ ដោយផ្សព្វផ្សាយការនិទានរឿង “ការគំរាមកំហែងរបស់ចិន” និងការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងប្រទេសធំៗ គ្រាន់តែជាលេស ក្នុងការទប់ស្កាត់ និងបង្ក្រាបប្រទេសចិន និងដើម្បីរក្សាអនុត្តរភាពរបស់ខ្លួនតែប៉ុណ្ណោះ។

លោកបានកត់សម្គាល់ថា “ការអភិវឌ្ឍន៍របស់ប្រទេសចិន គឺផ្អែកលើតក្កវិជ្ជាច្បាស់ លាស់នៃប្រវត្តិសាស្ត្រ និងកម្លាំងជំរុញផ្ទៃក្នុងដ៏រឹងមាំ ។ គោលដៅរបស់យើង ដែលធ្វើឡើងដោយបើកចំហ និងស្មោះត្រង់ គឺគ្រាន់តែអនុញ្ញាតឱ្យ ប្រជាជនចិនមានជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួមចំណែកកាន់តែច្រើន ដល់ពិភពលោក”។

លោកបានបន្ដថា សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុង របស់ចិនសុទ្ធសាធ ដោយបន្ថែមថា ភាគីចិននៅតែប្រកាន់ខ្ជាប់ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីប្រឆាំងនឹង “ឯករាជ្យភាពតៃវ៉ាន់” និងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ហើយគ្មាននរណាម្នាក់គួរមើលស្រាល ឬវាយតម្លៃខុស ចំពោះរឿងនេះឡើយ។

លោកបានបន្ដទៀតថា “យើងជំរុញឱ្យសហរដ្ឋអាមេរិកកុំបង្ហាញតក្កវិជ្ជា អនុត្តរភាពរបស់ខ្លួន ទៅលើប្រទេសចិន ឬមើលទំនាក់ទំនងចិន-អាមេរិក តាមរយៈចិត្តគំនិត នៃសង្រ្គាមត្រជាក់ ហួសសម័យ ហើយកុំឱ្យមានការទប់ស្កាត់ និងគាបសង្កត់ប្រទេសចិន ក្រោមរូបភាព នៃការប្រកួតប្រជែង ជាយុទ្ធសាស្រ្ត”។

លោកបានបន្ថែមថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការយល់ឃើញ និងគាំទ្រកងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ក្នុងទម្រង់ណាមួយ ហើយបញ្ឈប់ ការនិយាយបំផ្លើស “ការគំរាមកំហែងរបស់ចិន” ។ ផ្ទុយទៅវិញ គួរតែចាត់វិធានការ ជាក់ស្តែង ដើម្បីលើកកម្ពស់ ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព សុខភាពល្អ និងនិរន្តរភាពនៃទំនាក់ ទំនងប្រទេសចិន-អាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top