តេហរ៉ង់ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២១ ខែមេសានេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោកHassan Rouhani បានធ្វើការអំពាវនាវ ឲ្យបណ្តាប្រទេស នៅតំបន់អ៊ឺរ៉ុប ក្នុងការតវ៉ាប្រឆាំង ទៅនឹងសំពាធទាំងឡាយ ដែលត្រូវបានធ្វើឡើង ដោយអាមេរិកមកលើអ៊ីរ៉ង់ ក្នុងពេលដែលកូវីដ១៩ កំពុងវាយប្រហារខ្លាំង បែបនេះ។
លោកRouhani បាននិយាយ នៅក្នុងការសន្ទនាមួយ តាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តី អ៊ីតាលី លោក Giuseppe Conte សំពាធសេដ្ឋកិច្ច ពីសំណាក់សហរដ្ឋអាមេរិក លើប្រជាជនអ៊ីរ៉ង់ កាន់តែសាហាវព្រៃផ្សៃឡើង នៅពេលដែលពិភពលោកទាំងមូល មានបញ្ហាមេរោគឆ្លងថ្មីនេះ ។
លោកក៏បានបន្តដែរថា វិធានបែបអមនុស្សធម៌ ដែលនៅតែអាចកើតឡើងនេះ គឺជាសកម្មភាពបទឧក្រិដ្ឋដ៏ឃោរឃៅ ហើយលោកបានជម្រុញ ឲ្យ បណ្តាប្រទេសអ៊ឺរ៉ុប ក្រោកឈរឡើងប្រឆាំង នឹងការរំលោភរបស់សហរដ្ឋអាមេរិក ដែលមានកម្រិតលើសពី វិធាននិងបទបញ្ជាអន្តរជាតិ ៕
ប្រែសម្រួល៖ស៊ុនលី