បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Bessent បានផ្តល់ដំបូន្មានដល់ប្រទេសដែលទទួលរង ការយកពន្ធទៅវិញទៅមកពីសហរដ្ឋអាមេរិកឱ្យ “អង្គុយចុះ ហើយកុំសងសឹក” ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានប្រាប់សារព័ត៌មាន FOX News នៅថ្ងៃទី ២ ខែមេសាថា “ដំបូន្មានរបស់ខ្ញុំចំពោះគ្រប់ ប្រទេសទាំងអស់នៅពេលនេះ គឺកុំសងសឹក។
លោក Bessent បាននិយាយបន្ទាប់ពីប្រធានាធិបតី Donald Trump បានប្រកាសពន្ធនាំចូលទៅវិញទៅមកថ្មី លើដៃគូពាណិជ្ជកម្មចំនួន ១៨០ប្រទេស ដែលប្រហែលពាក់កណ្តាលនឹងត្រូវដាក់ពន្ធរួម ១០ភាគរយ ចាប់ពីថ្ងៃទី ៥ ខែកុម្ភៈ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក នឹងទទួលរងនូវពន្ធខ្ពស់រហូតដល់ ៥០ភាគរយ ចាប់ពីថ្ងៃទី ៩ ខែមេសា។
លោក Bessent ពីមុនបានប្រាប់សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋថា ពន្ធគយទៅវិញទៅមកនឹងជា “ចំណុច” សម្រាប់សហរដ្ឋអាមេរិកដើម្បីដាក់លើប្រទេសនានា ដែលអាចត្រូវបានកាត់បន្ថយប្រសិនបើ ដៃគូពាណិជ្ជកម្មបំពេញតាមការទាមទាររបស់រដ្ឋបាល Trump ។
លោក Bessent បាននិយាយថា គោលដៅនៃពន្ធទៅវិញទៅមកគឺដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ កំណើនសេដ្ឋកិច្ចរយៈពេលវែងនៅក្នុងសហរដ្ឋអាមេរិក។ លោកបាននិយាយថា “យើងកំពុងធ្វើឱ្យអាមេរិកត្រលប់មករកផ្លូវគោលដៅវិញ។ កាលណាយើងមានភាព ប្រាកដប្រជាលើពន្ធកាន់តែឆាប់ យើងអាចដាក់មូលដ្ឋានគ្រឹះសម្រាប់ កំណើនដើម្បីត្រលប់មកវិញ” ។
យ៉ាងណាក៏ដោយ ប្រទេសជាច្រើនបានឆ្លើយតបទៅនឹង ពន្ធគយទៅវិញទៅមករបស់លោក Trump នេះ។ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក “លុបចោលជាបន្ទាន់” នូវពន្ធគយទៅវិញទៅមក និង “ដោះស្រាយភាពខុសគ្នាជាមួយដៃគូ ពាណិជ្ជកម្មតាមរយៈការសន្ទនាដោយយុត្តិធម៌” ដោយប្តេជ្ញាថានឹងចាត់វិធានការតបត ៕
ប្រែសម្រួលៈ ណៃ តុលា
