ភ្នំពេញ៖ លោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communications Construction Company បានគូសបញ្ជាក់អំពីកិច្ចសហការដ៏ល្អ រវាងក្រុមហ៊ុន និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងប្តេជ្ញាចូលរួមអភិវឌ្ឍន៍វិស័យ ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា ឱ្យកាន់តែរីកចម្រើន ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង។

ការប្តេជ្ញាចិត្តរបស់អនុប្រធានក្រុមហ៊ុន CCCC ខាងលេីនេះ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ក្នុងជំនួបខាងលេីនេះ លោក Chen Zhong បានកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចធិបតី ជាពិសេសរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែផ្តោតអាទិភាព លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលនេះជាការបង្កើតបរិយាកាសដ៏ល្អ សម្រាប់វិនិយោគ ក្នុងវិស័យនេះ នៅកម្ពុជា។

ទន្ទឹមនេះ លោក Chen Zhong បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានគាំទ្រ ដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន CCCC នៅកម្ពុជា និងបានជម្រាបជូនសម្តេចធិបតី អំពីសកម្មភាព របស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ដឹកជញ្ជូន និងភស្តុភារកម្ម។

លោកអនុប្រធាន ក្រុម ហ៊ុន បានបន្ថែមថា ក្រុមហ៊ុន CRBC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCC បានធ្វើប្រតិបត្តិការនៅកម្ពុជា អស់រយៈពេលជាង២០ឆ្នាំ ដោយបានបង្កើតការងារជាង ៣០,០០០កន្លែង សម្រាប់ប្រជាពលរដ្ឋកម្ពុជា, បានកសាងផ្លូវប្រវែងជាង ២,០០០ គីឡូម៉ែត្រ និងបានចូលរួមចំណែកក្នុងកិច្ចការសង្គម ដូចជា ៖ ការសាងសង់សាលារៀន និងផ្លូវជនបទជាដើម។

ក្នុងឱកាសនេះ លោកអនុប្រធាន ក្រុម ហ៊ុន ក៏បានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី អំពីកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងបានប្តេជ្ញាចូលរួម អភិវឌ្ឍន៍ វិស័យ ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា ឱ្យកាន់តែ រីកចម្រើន ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង របស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូន ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាព នៃកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន និង ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់ក្រុមហ៊ុន ក្នុង ការ កសាង ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។
បន្ថែមលេីនេះ សម្តេចធិបតី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងការដាក់ចេញនូវយន្តការ ក៏ដូចជាផែនការ ចំបាច់នានា របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា ដែលមានសារៈសំខាន់ និងមានសក្តានុពលខ្ពស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។
សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តកិច្ចសហការល្អ និងកាន់តែជិតស្និទ្ធ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ របស់ កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ៕
