ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាផ្ញើលិខិតផ្ញើទៅ លោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា។
យោងតាមលិខិតរបស់សម្តេចធិបតីផ្ញើទៅលោក Donald J. Trump ជាភាសាអង់គ្លេសនាថ្ងៃ៤ មេសាបានឲ្យដឹងថា ជាការឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងការដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញ របស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ, កម្ពុជាស្នើបើកការចរចាជាមួយរដ្ឋាភិបាលរបស់លោក ក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងស្នើរដ្ឋាភិបាលអាមេរិក ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ។
សម្តេចធិបតីបន្តថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។
លិខិតខាងលើបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និង ប្រកបដោយលទ្ធផលផ្លែផ្កា ជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅឲ្យប្រជាជាតិ និង ប្រជាជនទាំងពីរ អាចទទួលបានផលប្រយោជន៍ជាក់ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះ៕

