ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យ ត្រៀមលក្ខណៈ បម្រើសេវាសុខភាពពលរដ្ឋ នាថ្ងៃចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្រុមគ្រូពេទ្យនៅគ្រប់មូលដ្ឋានសុខាភិបាល បានត្រៀម លក្ខណៈជាស្រេច ដើម្បីបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ជាមួយការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ ។

ក្នុងឱកាសដឹកនាំកិច្ច ប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមេសា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តនាថ្ងៃ៧ មេសា សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើមន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការប្រចាំការ ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងសង្រ្គោះបឋម ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយត្រូវរៀបចំផែនការ ឲ្យបានល្អិតល្អន់ និងសិក្សាអំពីហានិភ័យ នៃគ្រោះថ្នាក់ជាយថាហេតុណាមួយ កើតឡើង ។ ក្នុងនោះក៏ត្រូវបង្កើនការនូវការអប់រំសុខភាពផ្សេងៗ ការងារត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្រ្គោះបន្ទាន់ផងដែរ។

ជាមួយនឹងសារផ្តាំផ្ញើនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជូនពរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំក្នុងការបំពេញ ការងារប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសខ្ពស់ ព្រមទាំងជូនពរក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ ឲ្យជោគជ័យគ្រប់ភារកិច្ចការងារ៕

To Top