ព័ត៌មានអន្តរជាតិ

ថៃ៖ ស្រ្តីជនជាតិរុស្ស៊ីម្នាក់ ធ្លាក់ពីលើជាន់ទី១៤ នៃអគារខុនដូរមួយ នៅប៉ាតាយ៉ា ស្លាប់ ទាំងអាក្រាតកាយ

Photo: Chaiyot Pupattanapong

បរទេស៖ ប៉ូលិសថៃ កំពុងស៊ើបអង្កេតករណីធ្លាក់ស្លាប់ស្ត្រីជនជាតិរុស្ស៊ី អាយុ២៦ឆ្នាំម្នាក់ ពីយ៉រជាន់ទី១៤ នៃបន្ទប់ខុនដូរបស់នាងក្នុងសង្កាត់ Bang Lamung នៅប៉ាតាយ៉ា កាលពីរសៀលថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកវីរសេនីយ៍ Janda Dermphan អនុប្រធានផ្នែកស៊ើបអង្កេតនៅ Bang Lamung បាននិយាយថា ប៉ូលីសត្រូវបានគេហៅទៅកាន់អគារខុនដូកម្ពស់ ៤០ជាន់ នៅ Soi Na Klue នៅម៉ោងប្រហែល ៤ រសៀល។

ពួកគេត្រូវបានគេបង្ហាញរូបកាយអាក្រាតរបស់ស្ត្រីជនជាតិរុស្សីអាយុ២៦ ឆ្នាំម្នាក់ឈ្មោះ Kyznkoba Kuzikova ដេកផ្កាប់មុខលើដីនៅមូលដ្ឋានអគារ។ ប៉ូលិសស៊ើបអង្កេតបានដឹងថា ស្ត្រីរងគ្រោះស្នាក់នៅបន្ទប់មួយនៅជាន់ទី១៤ នៃអគារខុនដូរ ។ បុរសជនជាតិរុស្សីម្នាក់បានមកបន្ទប់របស់នាងជារៀងរាល់ថ្ងៃ ហើយគាត់មានវត្តមាននៅពេលនាងធ្លាក់ស្លាប់។

បុរសដែលមិនបញ្ចេញឈ្មោះបានប្រាប់ប៉ូលិសថា គាត់កំពុងអង្គុយនៅក្នុងបន្ទប់ដោយប្រើកុំព្យូទ័រយួរដៃដោយយកខ្នងទៅយ៉រ ខណៈស្ត្រីរូបនោះកំពុងនៅក្នុងបន្ទប់ទឹក។ គាត់បានឮសំឡេងសន្ទនាគ្នាខ្លាំងដូចជាមានអ្នកឈ្លោះគ្នាតាមទូរសព្ទ ចេញពីក្នុងបន្ទប់ទឹក។ គាត់ជឿថានាងកំពុងនិយាយជាមួយមិត្តប្រុសរបស់នាង។

មួយសន្ទុះក្រោយមក គាត់បាននិយាយថា នាងបានប្រញាប់ប្រញាល់ចេញពីបន្ទប់ទឹក ហើយដោយមិនមានការព្រមានណាមួយ ក៏បានលោតចេញពីយ៉រ នេះបើយោងតាមប៉ូលីស៕

ប្រែសម្រួលៈ ណៃ តុលា

To Top