ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ទាមទារឲ្យអាមេរិក បង្ហាញនូវឆន្ទះច្បាស់លាស់ និងត្រឹមត្រូវមុនពេលដែល អាចធ្វើជំនួបដោយ ផ្ទាល់រវាងគ្នាបាន

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសអ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែង មួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចា ទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អាចប្រព្រឹត្តទៅបាន នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ។

ការចរចាដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតី អាមេរិក Donald Trump ដើម្បីពិភាក្សាគ្នាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គ្រោងនឹងធ្វើឡើងនៅប្រទេសអូម៉ង់ ក្នុងសប្តាហ៍នេះ ។

លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា ៖ កិច្ចពិភាក្សាកម្រិតខ្ពស់បំផុត នឹង ដោយផ្ទាល់ផង ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araqchi បាននិយាយថាពួកគេនឹងរក្សាជំនួបនេះត្រឹម លក្ខណ្ឌដោយប្រយោលប៉ុណ្ណោះ ។

គួរឲ្យដឹងដែរថា អ្នកការទូតប្រចាំតំបន់បានប្រាប់ Reuters ដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ថា ដើម្បីឱ្យកិច្ចពិភាក្សាដោយផ្ទាល់កើតឡើងត្រូវតែមាន កាយវិការសុច្ឆន្ទៈ។ អ្នកការទូតរូបនេះបានរាយការណ៍ដែរថា សហរដ្ឋអាមេរិកគួរតែ ដកទណ្ឌកម្មខ្លះ ឬមិនបង្កកប្រាក់ខ្លះជាមុនសិន។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មយ៉ាងខ្លាំងទៅលើទីក្រុងតេហរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស ដោយផ្តោតលើសេដ្ឋកិច្ច ប្រព័ន្ធហិរញ្ញវត្ថុ និងវិស័យថាមពលរបស់ខ្លួន។

រំលឹកឡើងវិញដែរកាលពីក្នុងឆ្នាំ២០១៥ អ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា ជាផែនការ សកម្មភាពទូលំទូលាយរួម (JCPOA) ដើម្បីទប់ស្កាត់សកម្មភាពនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មប៉ុន្តែ លោក Trump ក្រោយមកបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ នៅក្នុងឆ្នាំ២០១៨ហើយបានបន្តដាក់ទណ្ឌកម្មឡើងវិញទាំងអស់ទៅលើអ៊ីរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top