តតូក្យូ ៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ក្រុមហ៊ុន Nissan Motor Co. កំពុងពិចារណាផ្លាស់ប្តូរ ផលិតកម្មមួយចំនួននៅរោងចក្ររបស់ខ្លួន នៅភាគនិរតី នៃប្រទេសជប៉ុនទៅកាន់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។
ក្រុមហ៊ុនផលិតរថយន្តគ្រោង នឹងកាត់បន្ថយទិន្នផលរថយន្ត Rogue sport utility ផលិតនៅរោងចក្រមួយក្នុង ចំណោមរោងចក្រពីររបស់ខ្លួន នៅក្នុងខេត្តហ្វូគូកា ប្រទេសជប៉ុន សម្រាប់ការនាំចេញ និងបង្កើនផលិតកម្មនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
អភិបាលរងខេត្ត Masaru Eguchi របស់ប្រទេសជប៉ុនបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តមួយនេះ បានប្រាប់រដ្ឋាភិបាលខេត្តថា ខ្លួនមានបំណងរក្សាកន្លែងផលិតបច្ចុប្បន្ន ទោះបីជាមានការគ្រោងកាត់បន្ថយផលិតកម្មក៏ដោយ។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីលោក ត្រាំ ណែនាំពន្ធបន្ថែម ២៥ ភាគរយលើរថយន្តទាំងអស់ដែលផលិតនៅក្រៅសហរដ្ឋអាមេរិកកាលពីដើមខែនេះ ក្នុងគោលបំណងនាំយកការងារបន្ថែមទៀតដល់សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។
ប្រភពខេត្តមួយនេះ បានឲ្យដឹងថា ទន្ទឹមនឹងនោះក្រុមហ៊ុន Nissan គ្រោងនឹងបង្កើនការផលិតរថយន្ត Patrol sport utility ដែលជាម៉ូដែលពេញ និយមជាពិសេស នៅមជ្ឈិមបូព៌ា និងអូស្ត្រាលី នៅរោងចក្រផ្សេងទៀតរបស់ខ្លួននៅទីក្រុងហ្វូគូកា៕
ប្រែសម្រួល ឈូក បូរ៉ា
