ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ផ្លាស់ប្ដូរយោបល់គ្នា អំពីទំនាក់ទំនងទ្វេភាគី ក្នុងបុព្វហេតុ ដើម្បីប្រជាជន នៃប្រទេសទាំងពីរ

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងមានកិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុដើម្បីប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ការថ្លែងរបស់ប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងនាឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ក្នុងឱកាសមកកាន់មុខតំណែងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។

លោក ង្វៀន មិញវូ បានថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជា ជាពិសេស លោក ស សុខា ដែលបានផ្តល់កិច្ចសហការជាមួយស្ថានទូតវៀតណាម ប្រចាំកម្ពុជា ក្នុងបុព្វហេតុរួម រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពេលកន្លងមក។ លោក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។

លោក ស សុខា ក៏បានសម្ដែងការស្វាគមន៍លោកឯកអគ្គរដ្ឋទូត ដែលទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី៕

To Top