ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់ការប្រើខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ក្នុងវិស័យសំណង់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្ដីជូនដំណឹងស្ដីពី ហាមឃាត់ការប្រើខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ក្នុងវិស័យសំណង់ នៅខេត្តព្រះសីហនុ ព្រោះមានកំហាប់អំបិលខ្ពស់ងាយប្រតិកម្មជាមួយនឹងដែក។

តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា អនុលោមតាមច្បាប់ស្តីពីសំណង់ ការប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ត្រូវបានហាមឃាត់ដោយសារតែខ្សាច់ប្រភេទនេះ មានកំហាប់អំបិលខ្ពស់ងាយប្រតិកម្មជាមួយនឹងដែក បណ្តាលឱ្យច្រេះ ប៉ះពាល់ដល់គុណភាពបេតុង និងបណ្តាលឱ្យសំណង់គ្មានសុវត្ថិភាពស្របតាមស្តង់ដា បច្ចេកទេស។

ក្នុងន័យនេះ ដើម្បីធានាសុវត្ថិភាព គុណភាពសំណង់ សំដៅការពារនូវអាយុជីវិតមនុស្ស រក្សាសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ រដ្ឋបាលខេត្តព្រះសីហនុ ហាមដាច់ខាតការលក់ដូរ ឬការប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រក្នុងវិស័យសំណង់នៅខេត្តព្រះសីហនុ។

ក្នុងករណីក្រុមការងារ រដ្ឋបាលខេត្ត ពិនិត្យរកឃើញថា មានការលក់ដូរ ឬមានការប្រើប្រាស់ប្រភេទខ្សាច់ ដូចបានជម្រាបជូនខាងលើជាវត្ថុធាតុដើមក្នុងការលាយបេតុង ឬប្រើប្រាស់ក្នុង វិស័យសំណង់ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដូចជា៖ បញ្ឈប់រាល់សកម្មភាពអាជីវកម្ម និងការសាងសង់សំណង់គ្រប់ប្រភេទ, ទទួលរងនូវពិន័យរដ្ឋបាល និង/ឬឈានទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក លោកស្រីម្ចាស់ដេប៉ូខ្សាច់ អាជីវកម្ម ផលិតបេតុងលាយស្រេច និងសាធារណជនជ្រាប និងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយការទទួលខុសត្រូវខ្ពស់៕

To Top