ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានសន្សំសំចៃថវិកា ជូនប្រជាពលរដ្ឋ បានប្រមាណជាង៧លានដុល្លារ សហរដ្ឋអាមេរិក។

ការបញ្ជាក់ឱ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាថ្ងៃទី១០ មេសាឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា អនុវត្តទៅតាមការចង្អុលបង្ហាញ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាមួយប្រជាពលរដ្ឋ ដោយបានរៀបចំ រថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេង ស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយអត់គិតថ្លៃ។

លោកអភិបាលរាជធានីភ្នំពេញ គូសបញ្ជាក់ថា ការដឹកជញ្ជូន ដោយអត់គិតថ្លៃនេះ បើគិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានសន្សំសំចៃថវិកា ជូនប្រជាពលរដ្ឋ បានប្រមាណជាង៧ លានដុល្លារសហរដ្ឋអាមេរិក។

លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថា នៅឆ្នាំនេះរដ្ឋបាល រាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តក្រុង សម្រាប់ដឹក ប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចំនួន៥៩៧គ្រឿង ក្នុងចំនួននេះបើមានការខ្វះខាត រដ្ឋបាលរាជធានីភ្នំពេញ និងបំពេញបន្ថែមទៀត ដើម្បីបំពេញ ទៅតាមតម្រូវការប្រជាពលរដ្ឋ ក្នុងកាត់បន្ថយការ ចំណាយរបស់ពលរដ្ឋ។ ការងារនេះ មិនត្រឹមតែសន្សំសំចៃ ថវិកាជូនប្រជាពលរដ្ឋទេ អាចកាត់បន្ថយបាននូវការឡើងថ្លៃ របស់រថយន្តដឹកអ្នកដំណើរឯកជនផងដែរ។

បន្ថែមពីលើការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ ទៅលើសុខមាលភាព ប្រជាពលរដ្ឋផងដែរ ដោយឆ្នាំនេះ ជំងឺគ្រុនឈាមបានធ្លាក់ចុះ បើទោះបីមូសបានកើនឡើងច្រើន ដូចអង្កាមយ៉ាងណាក្តី ។ ការធ្លាក់ចុះជំងឺគ្រុម ឈាមនេះ ដោយសារបានបាញ់ថ្នាំ សម្លាប់មូសជាប់ជាប្រចាំ នៅតាមមូលដ្ឋានរស់នៅ របស់ប្រជាពលរដ្ឋ រហូតបានទទួលជោគជ័យ និងទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះដែរលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំង ទាំងអស់ដែលបានរក្សា សន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ដែលបានធ្វើឲ្យបទល្មើសនានា ថយចុះ ។ ប្រជាពលរដ្ឋមានការ សាទរយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល លើការរៀបចំរថយន្តដឹក ជញ្ជូនប្រជាពលរដ្ឋ ទៅស្រុកកំណើតដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ប្រជាពលរដ្ឋ អបអរសាទរ ចំពោះការរៀបចំសង្ក្រាន្តវត្តភ្នំ នាឱកាសបុណ្យ ចូលឆ្នាំនេះ ។ ប្រជាពលរដ្ឋ ក៏បានអបអរសាទរ នៃការដាក់ឲ្យប្រើប្រាស់ស្ពាន អាកាសមរតកតេជោផងដែរ៕


