ព័ត៌មានជាតិ

កម្ពុជា-អាមេរិក នឹងបើកការចរចា នាពេលឆាប់ៗ បន្ទាប់ពីរាជរដ្ឋាភិបាល ទទួលបានចម្លើយជាវិជ្ជមាន ពីភាគីអាមេរិក

ភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ ពាក់ព័ន្ធការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងបន្តផ្តល់ ការយកចិត្តទុកដាក់យ៉ាងគត់មត់ តាមដានការវិវត្តនៃការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋ អាម៉េរិក និងត្រៀមរៀបចំយន្តការ ស្វែងរកដំណោះស្រាយ សមស្របជាមួយសហរដ្ឋអាម៉េរិក។

ក្រសួងពាណិជ្ជកម្ម សូមជម្រាប ជូនអំពីវឌ្ឍនភាពចុងក្រោយ លើការអនុវត្តពន្ធគយបដិការ ដូចខាងក្រោម៖

១៖ យោងតាមការចុះផ្សាយរបស់សេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ប្រធានាធិបតី Donald J. Trump បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹមអត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេស ទាំងអស់ ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះរួមមាន កម្ពុជាផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជានឹងអនុវត្តមកត្រឹមអត្រា ១០% តែប៉ុណ្ណោះ។

២៖ រាជរដ្ឋាភិបាលទទួល បានចម្លើយជាវិជ្ជមាន ពីភាគីសហរដ្ឋអាម៉េរិកលើសំណើ សុំបើកការចរចាស្វែង រកដំណោះ ស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញ នូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ និងលិខិតរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយបង្ហាញសុច្ឆន្ទៈ ស្នើសុំបើកការចរចា ស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអាត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញ របស់សហរដ្ឋអាមេរិក នាំចូលមកកម្ពុជា ។

៣៖ ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ៕

To Top