ព័ត៌មានជាតិ

អត្ថបទស្រាវជ្រាវ ៖ USAID ដកថយ ជារបត់សម្រាប់ NGOs និង CBOs នៅកម្ពុជា

ភ្នំពេញ ៖ កំណត់និរន្តរភាពភាព ជាដៃគូអភិវឌ្ឍន៍របស់ខ្លួន បន្ទាប់ពីលោកប្រធានាធិបតីដូណាល់ត្រាំ ឡើងកាន់តំណែង ក្នុងអណត្តិទី២ របស់លោក នាពេលថ្មីៗកន្លងទៅនេះ NGOs និង CBOs នៅកម្ពុជា ដូចជាប្រទេសមួយចំនួនទៀត លើពិភពលោកទទួល បានជំនួយពីកម្មវិធី USAID បានប្រឈម នឹងវិបត្តិកាត់បន្ថយសកម្មភាព បន្ថយបុគ្គលិក ឬផ្អាកសកម្មភាព ហើយនិងកំពុងពិចារណា រិះរកយុទ្ធសាស្រ្តថ្មីដើម្បីបន្ត ជីវិតគម្រោងនានាទៅអនាគត ។

វិបត្តិការណ៍នេះ ជាការក្រើនរំលឹក អំពីហានិភ័យ ជាប់ជាប្រចាំ ចំពោះការពឹងផ្អែកលើជំនួយបរទេស ដែលបង្កប់របៀបវារៈភូមិសាស្ត្រ នយោបាយដូចជា ថ្នាំពុល ។ ជារឿង គួរឱ្យសោកស្តាយជាពន់ពេក ដែលវិបត្តិហេតុនេះ ផ្ដល់ផលប៉ះពាល់ អវិជ្ជមានចំពោះអង្គការ សង្គមស៊ីវិលមួយចំនួន ក៏ដោយ ការណ៍នេះ ក៏បានបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូ ដែលស្របទៅនឹងគុណតម្លៃ ដូចជា ការគោរពគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យភាព និងកិច្ចសហការ យូរអង្វែង ដែលទាំងនេះ គឺជាគោលការណ៍នាំមុខ នៃយុទ្ធសាស្ត្រ ក្នុងកិច្ចសហប្រតិបត្តិការជាដៃគូ សម្រាប់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ។
ជាច្រើនឆ្នាំកន្លងមកនេះ អង្គការសង្គមស៊ីវិល នៅកម្ពុជា មួយចំនួនដែលភាគច្រើន បានសម្របបេសកកម្មរបស់ខ្លួន ទៅតាមអាទិភាពម្ចាស់ជំនួយ លោកខាងលិច បានផ្ដោតលើរបៀបវារៈបរទេសជា ជាងលើតម្រូវការអភិវឌ្ឍ ក្នុងស្រុករបស់កម្ពុជា ។ ឧទាហរណ៍ គម្រោង “ភាពធន់នៃសង្គមស៊ីវិលកម្ពុជា (Cambodian Civil Society Resilience-CSR)” ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០២៤ ក្រោមជំនួយរបស់ USAID តាមរយៈ East-West Management Institute ជាស្ថាប័នក្រៅរដ្ឋាភិបាល គម្រោងCSRផ្ដោតលើអ្វី ដែលពួកគេហៅថា ‘ការអប់រំពលរដ្ឋវិទ្យា’និង ‘គណនេយ្យភាពរដ្ឋាភិបាល’ ដែលជាទស្សនៈមួយហាក់ មិនសមស្របទៅនឹងបរិបទជាក់ស្ដែង នៃនយោបាយសង្គមសេដ្ឋកិច្ច និងគម្រូប្រព័ន្ធអភិបាលកិច្ចរបស់កម្ពុជាឡើយ។
គម្រោងទាំងនេះ បើទោះបីជាត្រូវចាត់ទុកថា ជាកិច្ចខិតខំប្រឹងប្រែង ដល់ការអភិវឌ្ឍជាតិតាមបែបលោកខាងលិចក៏ដោយ ប៉ុន្តែវិសាលភាពរបស់វា បានឆ្លងហួសព្រំដែន របស់ខ្លួនក្នុងឋានៈជាអង្គការសង្គមស៊ីវិល ហួសលើសចំណុចរសើប ដែលមិនចាំបាច់ចំពោះ ដំណើការនៃការអភិវឌ្ឍ ក្នុងប្រទេសមួយ នេះទេ ។ ក្រុមទាំងនេះបានធ្វើការរិះគន់មិនសំចៃមាត់ លើគោលនយោបាយបរិស្ថាន និងវិស័យវិនិយោគ របស់ចិននៅកម្ពុជាជាដើម ដោយគ្មានមូលដ្ឋាន និងភស្តុតាងជាក់ស្ដែង និងច្បាស់លាស់ ដែលបង្ហាញពីភាពមិនសមស្រប ជាមួយអាទិភាពរបស់ប្រទេសជាតិ ។

ការដកចេញភ្លាមៗ នៃជំនួយ របស់ USAID បានធ្វើឱ្យអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ រង្គោះរង្គើមិនស្ទើរទេ ។ ខណៈដែលអ្នកសង្កេតការណ៍ខ្លះ បានចាត់ទុកចំណាត់ការនេះជាសញ្ញា នៃការបន្ធូរបន្ថយការជ្រៀតជ្រែកពីខាងក្រៅ អង្គការដែលពឹងផ្អែកទាំងស្រុងលើការផ្តល់មូលនិធិរបស់លោកខាងលិច ឥឡូវនេះប្រឈមនឹងដំណើររឹងគាំង ក្នុងប្រតិបត្តិការរបស់គេ ឬត្រូវបានបង្ខំឲ្យបញ្ចប់គម្រោងដែលមិនទាន់ចប់សព្វគ្រប់។ អ្វីដែលសំខាន់នោះគឺ យើងមិនបានឃើញការងារអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជាជាទូទៅ ទទួលរងផលប៉ះពាល់ ដោយសារមូលនិធិរបស់ទីភ្នាក់ងារ USAID តែងរំលងស្ថាប័នរដ្ឋ និងធ្វើការគាំទ្រដោយផ្ទាល់ដល់ក្រុមដែលគាំទ្រមនោគមវិជ្ជាបរទេស និងទំនោរទទោរទន់តាមគោលនយោបាយរដ្ឋបរទេស។ នេះគូសបញ្ជាក់អំពីកំហុសជាមូលដ្ឋានមួយ នៅក្នុងគំរូ ផ្ដល់ជំនួយដែលភ្ជាប់លក្ខខណ្ឌមកជាមួយ ដែលពួកគេផ្តល់អាទិភាពដល់ផលប្រយោជន៍ ម្ចាស់ជំនួយជាជាងលើស្វ័យភាពក្នុងតំបន់ និងក្នុងប្រទេស ។ គំរូបែបនេះបាននាំឲ្យក្រុមទទួលជំនួយទាំងឡាយ ងាយនឹងរងផល់ប៉ះពាលក្នុង ខណះមានការផ្លាស់ប្តូររបត់យ៉ាងឆាប់រហ័ស នៃភូមិសាស្ត្រនយោបាយ ។

ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការ របស់ចិនជាមួយកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការគោរពលើសមភាព និងសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ក្រោមគំនិតផ្តួចផ្តើមគម្រោង ខ្សែក្រវាត់ និងផ្លូវ ដែលហៅកាត់ថា BRI មានដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទំនើបកម្មកសិកម្ម និងការសាងសង់សួនឧស្សាហកម្មជាដើម ត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា។ គម្រោងទាំងនេះចូលរួមពង្រឹងស្ថាប័នសាធារណៈ ជំរុញស្វ័យភាពផ្នែកសេដ្ឋកិច្ច និងស្របតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍របស់កម្ពុជាផ្ទាល់។ ជំនួយក្នុងរូបភាពបែបនេះគឺខុសស្រឡះពីជំនួយលោកខាងលិច ជាក់ស្ដែងភាពជាដៃគូរបស់ចិនមិនមានភ្ជាប់លក្ខខណ្ឌឬបន្ថែមសម្ពាធនយោបាយ ឬក៏ប៉ះពាល់ដល់អធិបតេយ្យភាពជាតិកម្ពុជានោះទេ។

បន្ទាប់ពីការលុបចោលទីភ្នាក់ងារ USAID ព្រឹត្តិការណ៏នេះ គេអាចចាត់ទុកថា វាជាកាលានុវត្តភាពមួយរបស់កម្ពុជា ក្នុងការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី សង្គមស៊ីវិលរបស់ខ្លួនឆ្ពោះ ទៅរកគំនិតផ្តួចផ្តើម ដែលផ្តល់អាទិភាពដល់តម្រូវការក្នុងស្រុក និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ គំរូកិច្ចសហប្រតិបត្តិការ អភិវឌ្ឍដូចជា កិច្ចសហប្រតិបត្តិការ ឡានឆាងមេគង្គ Lancang-Mekong Cooperation (LMC) ដែលផ្ដោតលើការកាត់ បន្ថយភាពក្រីក្រ ការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព ផ្តល់នូវគំរូនៃវឌ្ឍនភាពរួម ដែលគោរពអធិបតេយ្យភាពរដ្ឋជាសមាជិក។ ក្នុងបរិបទនេះ ចិននៅតែជាដៃគូសហការ ជាមួយកម្ពុជាមិនអាចខ្វះបាន និងប្ដេជ្ញាគាំទ្រ ដល់ការរីកចម្រើនរបស់កម្ពុជា និងជារៀងរហូត។

ស្ថានការណ៍នេះក៏អាចចាត់ទុក ជាបទពិសោធន៍មួយសម្រាប់កម្ពុជា ក្នុងការឈ្វេងយល់ ពីគំរូកិច្ចសហការក្នុងភាពជាមួយដៃគូជាមួយបរទេស។ ការអភិវឌ្ឍប្រកបដោយចីរភាព មិនអាចសម្រេចទៅបានតាមរយៈភាពជាដៃគូ សម្ព័ន្ធមិត្តមិនច្បាស់លាស់ និងភ្ជាប់ទៅនឹងរបៀបវារៈនយោបាយ ក្រៅប្រទេសនោះទេ ។ មាគ៌ាឆ្ពោះទៅមុខរបស់កម្ពុជាស្ថិតនៅក្នុងភាពជាដៃគូដែលគោរពអធិបតេយ្យភាពក្នុងការសម្រេចចិត្តដោយស្វ័យភាព ផ្តល់អាទិភាពដល់វឌ្ឍនភាព ជាក់ស្តែង និងប្រកបដោយបរិយាបន្ន។ នៅពេលដែលរបត់ ភូមិសាស្ត្រនយោបាយប្រែប្រួល យុទ្ធសាស្រ្តរបស់ប្រទេសចិន ដែលផ្អែកលើការអនុវត្តជាក់ស្តែង ការផ្ដល់ផលប្រយោជន៍ឱ្យគ្នា ទៅវិញទៅមក និងការគោរព ចំពោះអធិបតេយ្យភាព នៅតែឈរជាជម្រើស ដែលអាចទុកចិត្តបាននៅក្នុងស្ថានការណ៍ នៃការប្រែប្រួលគំរូជំនួយ របស់លោកខាងលិច ។

សម្រាប់អង្គការ ក្រៅរដ្ឋាភិបាល ដែលកំពុងតែត្រូវសម្របខ្លួន ទៅនឹងតថភាពមួយនេះ ភាពចាំបាច់នោះគឺត្រូវតម្រង់ទិសបេសកកម្ម របស់ពួកគេឡើងវិញ ឆ្ពោះទៅរកដំណោះស្រាយមួយ ដែលស្របទៅនឹងបរិបទ ក្នុងប្រទេស ដោយផ្ដល់ការជឿទុកចិត្តទៅលើគោលនយោបាយ ក្នុងប្រទេសជាជាង ម្ចាស់ជំនួយបរទេស។ ការធ្វើដូច្នេះ កម្ពុជាអាចបណ្ដុះបរិយាកាសសង្គមស៊ីវិលមួយ ដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្លួនយ៉ាងពិតប្រាកដ និងពង្រឹងចក្ខុវិស័យអភិវឌ្ឍន៍ជាតិ របស់ខ្លួនផងដែរ ៕ អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ

To Top