ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទទ្ទឹមនឹងការប្រឈម និងបញ្ហាសង្គ្រាមពាណិជ្ជកម្មជាសកល ដែលសហរដ្ឋអាមេរិក កំពុងមានវិធានការពន្ធគយទំនិញនាំចូល ពីបណ្តាប្រទេសនានា ជុំវិញពិភពលោក រួមទាំងកម្ពុជាផងនោះ រដ្ឋាភិបាលកម្ពុជា មិនអាចប្រងើយកន្តើយ បានឡើយ ត្រូវតែប្រឈម ដើម្បីរកវិធីដោះស្រាយ ដោះឱ្យបានលឿន ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍ ប្រទេសជាតិទាំងមូល ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅ ចំណុចប្រសព្វផ្លូវជាតិលេខ៧១ ត្រង់គីឡូម៉ែត្រលេខ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមឥណទានសហប្រតិបត្តិការ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមទ្ធផល១ឆ្នាំៗ របស់ប្រទេសជាតិ កើតចេញពីក្រសួងស្ថាប័ន ខេត្ត ឃុំ ស្រុក ភូមិ និងសហគមន៍របស់ប្រជាជនម្នាក់ៗ ។
ក្នុងនោះសម្តេចធិបតី គូសបញ្ជាក់ថា ដើម្បីប្រទេសជាតិកាន់តែរឹងមាំ មានតែប្រជាជនម្នាក់ៗ ត្រូវផ្តោតទៅលើការខិតខំប្រឹងប្រែង ពង្រឹងខ្លួន លើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងកសាងនៅផលវិជ្ជមានសម្រាប់ខ្លួន សម្រាប់គ្រួសារ ដែលជាកត្តាសំខាន់ ប្រៀបបានការអបអរសាទរថ្ងៃនេះ និងការអបអរសាទរចូលឆ្នាំ នៅឆ្នាំនេះ គឺជាសមទ្ធិផលរួមរបស់ប្រជាពលរដ្ឋ ដែលបានខិតខំរៀងៗខ្លួន ខណៈដែលរាជរដ្ឋាភិបាល នឹងខិតខំបង្កលក្ខណៈតាមរយៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ខិតខំធានាស្ថានភាពសេដ្ឋកិច្ច ខិតខំថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខជូនប្រជាពលរដ្ឋ ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ដល់កងកម្លាំងគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងពលរដ្ឋផងនោះ ដែលបានចូលរួមគ្នា ខិតខំរៀងៗខ្លួន ដោយសម្តេចចាត់ទុកថា ការខិតខំ ពីគ្រប់វិស័យទាំងអស់គ្នារួមគ្នានេះហើយ ដែលធ្វើឱ្យថ្ងៃទី១៤ ១៥និង១៦ មេសានេះ ជាថ្ងៃអបអរសាទរឆ្នាំថ្មី រួមជាមួយសមទ្ធិផលជោគជ័យ ក្នុងរយៈពេល១ឆ្នាំ និងឆ្នាំក្រោយតទៅទៀត របស់ពលរដ្ឋកម្ពុជាទាំងមូល។
បន្ថែមលើនេះសម្តេចធិបតី ថ្លែងថា រដ្ឋាភិបាលនឹងបន្តខិតខំបម្រើ ខិតខំជួយដល់ប្រជាពលរដ្ឋ ទៅតាមអ្វីដែលកម្ពុជាខិតខំបាន តាមរយៈការធ្វើខ្លួនឯង និងការសហការបណ្តាប្រទេសទាំងអស់ ដើម្បីពង្រឹងសេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋបន្តទៅទៀត ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែរីកចម្រើន ។
សម្តេចធិបតី មានប្រសាសន៍ថា “ស្ថានភាពសេដ្ឋកិច្ច មិនងាយស្រួលទេ ឥឡូវកំពុងតែវឹកវរ បងប្អូនតាមហើយរឿងសង្គ្រាមពាណិជ្ជកម្ម តែទោះជាយ៉ាងណា រដ្ឋាភិបាល រឿងកត្តាយ៉ាងណាក៏ដោយ យើងមិនអាចរត់ចោល យើងមិនអាចមិនប្រឈមទេ យើងមិនអាចធ្វើមិនដឹងមិនលឺទេ យើងត្រូវប្រឈម ដើម្បីរកវិធីដោះស្រាយ ដោះឱ្យបានលឿន ដោះឱ្យបានប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍ប្រទេសជាតិរបស់យើង ។ កន្លងទៅរឿង ការចេញលិខិតសុំចរចា ការរៀបចំដើម្បីធ្វើកិច្ចការធានា ពិពិធកម្មសេដ្ឋកិច្ចរបស់យើង និងការបង្កើននៅមូលដ្ឋានធនធានមនុស្ស និងសេដ្ឋកិច្ចរបស់យើងនេះ គឺជាកាត្តព្វកិច្ចរបស់រដ្ឋាភិបាល ធ្វើដើម្បីអ្វី? ដើម្បីធានាសេដ្ឋកិច្ចឱ្យរីកចម្រើន សេដ្ឋកិច្ចរីកចម្រើន ដើម្បីអ្នកណា ដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា” ។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើត ក្រុមការងារចំពោះកិច្ច សម្របសម្រួលទំនាក់ទំនងពាណិជ្ចកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាមេរិក ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលមានភារកិច្ចក្នុងការសម្របសម្រួល ចរចា និងជំរុញទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក, សម្របសម្រួល និងជំរុញការវិនិយោគ របស់សហរដ្ឋអាមេរិកនៅកម្ពុជា, សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា, សិក្សាវាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍នៃលទ្ធផលការងារ ជូនប្រមុខរាជររដ្ឋាភិបាល។ ខណៈដែលក្រុមការងារចំពោះកិច្ចនេះ និងជំរុញការបើកការចរចា ជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក នាពេលឆាប់ៗខាងមុខនេះ អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) រវាងប្រទេសទាំងពីរ ពិសេសជំរុញការវិនិយោគ និងលើកកម្ពស់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ៕
