ព័ត៌មានជាតិ

មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ណែនាំដល់មន្ត្រីរបស់ខ្លួន ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែម ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់

កំពង់ស្ពឺ ៖ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានក្រើនរំលឹកដល់នាយ នាយទាហ៊ានរងអាវុធហត្ថទាំងអស់ ឱ្យត្រៀមខ្លួនជានិច្ច ដើម្បីបំពេញភារកិច្ចដ៏ទៃទៀតជាច្រើន ពិសេសនៅចំពោះមុខនេះ កម្លាំងទាំងអស់ ត្រូវចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋដែលដើរកំសាន្ត នៅតាមកន្លែងផ្សេងៗ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ពិសេសកំពង់ស្ពឺសង្ក្រាន្ត ដើម្បីបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ និងទេសចរណ៍ជាតិ អន្តរជាតិ បានកម្សាន្តសប្បាយដោយគ្មានក្តីកង្វល់ ។

ការក្រើនរំលឹកនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសជូនដំណើរនាយ នាយរង និងពលអាវុធហត្ថ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់ធ្វើដំណើរកម្សាន្តទៅកាន់ខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថាកងកម្លាំងអាវុធហត្ថទាំងអស់ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដែលបានចុះបំពេញបេសកកម្ម ក្នុងការថែរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងយុទ្ធនាការបង្ការ បង្ក្រាបក្មេងទំនើង ទទួលបានការសាទរពីប្រជាពលរដ្ឋនិង ថ្នាក់ដឹកនាំ ពិសេសបេសកកម្មថ្មី ដែលនិងចូលដល់នៅរយៈពេល៣ថ្ងៃទៀត គឺបានការលើកទឹកចិត្ត ឱ្យធ្វើដំណើរលំហែរយៈពេល១ថ្ងៃ ទៅកាន់ខេត្តព្រះសីហនុ ដើម្បីរំសាយភាពនឿយហត់ ។

ជាមួយនោះលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមថាទន្ទឹមនិងស្នាដៃនិងការកោតសរសើរ ពីប្រជាពលរដ្ឋ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានកោតសរសើរ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានសាងស្នាដៃ ជាច្រើននារយៈពេលចុងក្រោយនេះផងដែរ ។ ការលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលាផ្ទាល់ខ្លួន និងពេលវេលាគ្រួសារមកប្តេជ្ញាបង្ការ សង្គ្រោះនិងបម្រើពលរដ្ឋ ប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់ គឺពិតជាបង្ហាញពីការលះបង់ខ្ពស់ ដើម្បីជាតិនិងប្រជាពលរដ្ឋ ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល

To Top