ព័ត៌មានជាតិ

មន្ត្រីបរិស្ថានខេត្តកំពង់ធំ នៅតែបន្តសកម្មភាពចុះល្បាតដូចភ្លៀងរលឹម ដើម្បីថែរក្សាការពារព្រៃឡង់!

កំពង់ធំ៖ មន្ត្រីបរិស្ថានប្រចាំខេត្តកំពង់ធំនៅតែបន្តសកម្មភាពចុះល្បាតឃ្លាំមើលនិងរក្សាការពារព្រៃឡង់ដូចជាភ្លៀងរលឹមឥតស្រាកស្រាន្ត ក្នុងកាតព្វកិច្ចចុះឃ្លាំមើលនិងថែរក្សាការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលមានមូលដ្ឋាននៅក្នុងទឹកដីខេត្តកំពង់ធំដែលបានដឹកនាំដោយលោកលី.ស្រេង.ប្រធានការិយាល័យគ្រប់គ្រងដែនជម្រកសត្វព្រៃព្រៃឡង់ប្រចាំខេត្តកំពង់ធំ។

លោក លី ស្រេង ប្រធានការិយាល័យគ្រប់គ្រងដែនជម្រកសត្វព្រៃ ព្រៃឡង់ខេត្តកំពង់ធំ លោកបានមានប្រសាសន៍លើកឡើងថា យោងទៅតាមបទបញ្ជាពីមន្ទីរបរិស្ថានខេត្តក្រោមការចង្អុលបង្ហាញរបស់លោក ឱ .ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្ត លោកបានដាក់ចេញនូវបទបញ្ជាយ៉ាងមុឺងម៉ាត់ដល់មន្ត្រីបរិស្ថានក្នុងដែនជម្រកការពារសត្វព្រៃទាំងអស់ត្រូវតែយកចិត្តទុកដាក់តាមដាន.ឃ្លាំមើល និង ចុះល្បាតជាប្រចាំដើម្បីទប់ស្កាត់រាល់សកម្មភាពបទល្មើសនានាដែលអាចនឹងកើតមានឡើងដោយសារតែការធ្វើប្រហែសនោះ។

លោក លី ស្រេង បានបន្តឲ្យដឹងទៀតថាកន្លងមកមន្ត្រីបរិស្ថានខេត្តកំពង់ធំធ្លាប់បានធ្វើការចាប់បង្ក្រាបចំពោះករណីការលួចចូលទៅកាប់ទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តកំពង់ធំជាច្រើនករណីនោះផងដែរ។
ហើយម្យ៉ាងវិញទៀតចំពោះករណីដែលធំៗមន្ទីរបរិស្ថានខេត្តក៏បានបញ្ជូនសំណុំរឿងឡើងទៅកាន់តុលាការខេត្តដើម្បីឲ្យតុលាការខេត្តចាត់ការទៅតាមនីតិវិធីច្បាប់ចំពោះបុគ្គលដែលហ៊ានលួចចូលទៅប្រព្រឹត្តនូវបទល្មើសផ្សេងៗនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នោះផងដែរ។

លោក លី ស្រេង បានបញ្ជាក់ជាចុងក្រោយថា ចំពោះដែនជម្រកសត្វព្រៃ ព្រៃឡង់ គឺមានព្រំប្រទល់ជាប់គ្នាក្នុងខេត្តចំនួន 4 ទី 1 ខេត្តកំពង់ធំទី 2 ខេត្តព្រះវិហារទី 3 ខេត្តក្រចេះ និងទី 4 គឺខេត្តស្ទឹងត្រែង៕

ដោយ៖​ សំនៀង

To Top