ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា​ការ​ចរចា​ជាមួយអាមេរិក​ “ស្ថាបនា​” ហើយការ​ចរចា​បន្ថែម​ទៀត​ត្រូបាន​កំណត់​នៅ​ថ្ងៃ​ទី១៩ ខែ​មេសា

China Daily

តេអេរ៉ង់៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងបើកការចរចាជុំទី២ នៅថ្ងៃទី១៩ ខែមេសា បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់កិច្ចចរចា “ដោយប្រយោល” របស់ពួកគេកាលពីថ្ងៃសៅរ៍ ក្នុងរដ្ឋធានី Muscat នៃប្រទេសអូម៉ង់ ក្នុងបរិយាកាស “ស្ថាបនា” នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចពិភាក្សារយៈពេលពីរម៉ោងកន្លះរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាលោក Steve Witkoff បានផ្តោតលើបញ្ហានុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្មរបស់ទីក្រុងតេអេរ៉ង់។

ប្រភពបានបន្ថែមថាភាគីទាំងពីរបានយល់ព្រមបន្តកិច្ចចរចានៅសប្តាហ៍ក្រោយដោយកត់សម្គាល់ថានៅពេលចាកចេញពីកន្លែងចរចា ប្រមុខគណៈប្រតិភូប្រទេសទាំងពីរបាននិយាយពីរបីនាទីនៅចំពោះមុខរដ្ឋមន្ត្រីការបរទេសអូម៉ង់។

នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Muscat បន្ទាប់ពីកិច្ចពិភាក្សានោះ លោក Araghchi បានលើកឡើងថា ជុំទីមួយនៃកិច្ចចរចានេះគឺ “ស្ថាបនា និងធ្វើឡើងក្នុងបរិយាកាសស្ងប់ស្ងាត់ និងគួរឱ្យគោរពបំផុត”។

លោកបានបន្ថែមថា “គ្មានភាសាមិនសមរម្យណាមួយត្រូវបានប្រើប្រាស់នោះទេ ហើយភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជំរុញកិច្ចចរចារហូតដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងអនុគ្រោះគ្នាទៅវិញទៅមកពីជំហរស្មើភាពគ្នា”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top