គែរ៖ ប្រទេសអេហ្ស៊ីប បានថ្កោលទោសកាលពីថ្ងៃអាទិត្យ លើការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើមន្ទីរពេទ្យ Al-Ahli Arab ក្នុងទីក្រុងហ្គាហ្សា ដោយពណ៌នាការ វាយប្រហារនេះថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់មនុស្សធម៌អន្តរជាតិ និងបទដ្ឋានអន្តរជាតិទាំងអស់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសរបស់ខ្លួន អេហ្ស៊ីប បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះការវាយលុករបស់អ៊ីស្រាអែលទាំងអស់លើតំបន់ហ្គាហ្សាស្ទ្រីប និងការបញ្ចូលជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះយ៉ាងលឿនចូលទៅក្នុងតំបន់ដែលឡោមព័ទ្ធ។
អេហ្ស៊ីប ក៏បានជំរុញ ឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាក់ស្តែង ដើម្បីបញ្ចប់អរិភាព ជាពិសេសក្នុងពន្លឺ នៃកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងអន្តរជាតិឆ្ពោះ ទៅរកការបន្ថយការកើនឡើង និងការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងឈប់បាញ់។
នៅព្រឹកថ្ងៃដដែល យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានកំណត់គោលដៅ “មជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងរបស់ហាម៉ាស់” ដែលមានទីតាំង នៅក្នុងបរិវេណមន្ទីរពេទ្យ នេះបេីយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម កងកម្លាំងការពារអ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល បានឧ្យដឹងថា ប្រតិបត្តិការរបស់ក្រុមហាម៉ាស់ បាននឹងកំពុងប្រើប្រាស់កន្លែងនេះ ដើម្បីសម្របសម្រួលការវាយប្រហារ៕
ប្រែសម្រួល ឈូក បូរ៉ា
