ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទេស បានបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
នេះបើយោងតាមសារលិខិតថ្លែងអំណរគុណរបស់ នាយឧត្តមសេនីយ៍ ស ថេត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ផ្ញើជូន ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទេស។
នាយឧត្តមសេនីយ៍ ស ថេត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ដែលបានសហការជាមួយកងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយនៃដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ គ.ស ២០២៥ ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពទាំងស្រុង។
នាយឧត្តមសេនីយ៍ ស ថេត បន្ដថា កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ ថ្នាក់ដឹកនាំ និងកងកម្លាំង នគរបាលជាតិគ្រប់លំដាប់ថ្នាក់ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញអំពីសុឆន្ទៈ មនសិការ និងការលះបង់កម្លាំង កាយចិត្ត ពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យព្រឹត្តិការណ៍នេះសម្រេច បានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ព្រមទាំងទទួលបាននូវការគាំទ្រកោតសរសើរ លើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងនូវការកោតសរសើរដោយស្មោះ និងជូនពរ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទេស សូមមានសុខភាពល្អបរិបូរណ៍៕



