បរទេស៖ អ្នកជំនាញនៃប្រទេសយូបេគីស្ថាន បានឧ្យដឹងថា ពន្ធគយដែលមិនប្រក្រតីរបស់សហរដ្ឋអាមេរិក បានក្លាយជាកត្តាសំខាន់ដែលជំរុញឱ្យមានភាពចលាចលសេដ្ឋកិច្ចពិភពលោក។
លោក Ravshan Nazarov អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានរដ្ឋ និងច្បាប់នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រយូបេគីស្ថាន បានឧ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយស៊ីនហួថា កង្វះនៃការបន្តនៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងការផ្លាស់ប្តូរជាញឹកញាប់នៅក្នុងគោលបំណង និងវិធីសាស្រ្ត បានបង្កើតបរិយាកាសនៃការមិនទុកចិត្ត។
លោកបានសង្កត់ធ្ងន់ថា ភាពមិនប្រាកដប្រជាពីទីក្រុងវ៉ាស៊ីនតោន បង្កើតបានជាហានិភ័យជាប្រព័ន្ធ ដែលជះឥទ្ធិពលលើការសម្រេចចិត្តរបស់ក្រុមហ៊ុន និងធ្វើឱ្យសកម្មភាពវិនិយោគសកលធ្លាក់ចុះ។
លោកបានកត់សម្គាល់ថា ភាពមិនច្បាស់លាស់ជុំវិញគោលដៅគោលនយោបាយរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យក្រុមហ៊ុនចម្រុះជាតិសាសន៍ជាច្រើនមិនអាចបង្កើតយុទ្ធសាស្រ្តរយៈពេលវែង ដោយបង្ខំឱ្យពួកគេពន្យារពេលផែនការវិនិយោគ ដែលរារាំងដោយផ្ទាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
អ្នកជំនាញរូបនេះ ក៏បានលើកឡើងពីបរិយាកាសនយោបាយកាន់តែទូលំទូលាយ ដែលរួមចំណែកដល់ផលប៉ះពាល់អវិជ្ជមាន រួមទាំងការកើនឡើងថ្លៃដើមផលិតកម្ម ការថយចុះទំនុកចិត្តអ្នកប្រើប្រាស់ ការប្រែប្រួលទីផ្សារ និងការថយចុះគុណភាពផលិតផល៕
ប្រែសម្រួល ឈូក បូរ៉ា
