ប៊ែរឡាំង៖ វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ (IW) បានព្រមានថា ពន្ធគយរបស់សហរដ្ឋអាមេរិក អាចកាត់បន្ថយទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់រហូតដល់ ២៩០ពាន់លានអឺរ៉ូ (៣៣០ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ៤ឆ្នាំ វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ (IW) បានព្រមានដោយព្យាករថាការខាតបង់ GDP ប្រចាំឆ្នាំចំនួន 1 ១.៦ភាគរយសម្រាប់សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបនៅឆ្នាំ២០២៨ ។
របាយការណ៍នេះវិភាគពីសក្តានុពលធ្លាក់ចុះពី “ពន្ធគយ” ដែលប្រកាសដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែមេសា ដែលនឹងដាក់ពន្ធបន្ថែម ២០ភាគរយលើការនាំចូលពីសហភាពអឺរ៉ុប ក្នុងចំណោមដៃគូពាណិជ្ជកម្មផ្សេងទៀត ដោយលើកឡើងពីឱនភាពពាណិជ្ជកម្មដ៏ធំ។
យោងតាម IW ការខាតបង់ដោយផ្ទាល់របស់ប្រទេសអាឡឺម៉ង់ពីវិធានការទាំងនេះអាចឈានដល់ ២០០ពាន់លានអឺរ៉ូ ឬ ១.២ភាគរយនៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំនៅឆ្នាំ២០២៨ ។ ជាមួយនឹងការឆ្លើយតបសងសឹកដែលបណ្តាលមកពីការខូចខាតសរុបអាចកើនឡើងដល់ ២៩០ ពាន់លានអឺរ៉ូ។
របាយការណ៍បានប៉ាន់ប្រមាណថា អឺរ៉ុប ទាំងមូលអាចប្រឈមនឹងការខាតបង់រហូតដល់ ១.១ពាន់ពាន់លានអឺរ៉ូនៅឆ្នាំ២០២៨ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
IW បានព្រមានថា “លោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យមានសង្គ្រាមពាណិជ្ជកម្មពិភពលោកដែលនឹងធ្វើឱ្យមនុស្សគ្រប់គ្នាឈឺចាប់” ដោយបន្ថែមថាទោះបីជាមានការព្យួរពន្ធរយៈពេល ៩០ថ្ងៃក៏ដោយ ភាពមិនច្បាស់លាស់ជាលទ្ធផលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ផែនការវិនិយោគសកល៕
ប្រែសម្រួល ឈូក បូរ៉ា
