ព័ត៌មានអន្តរជាតិ

ថៃ៖ បាញ់ប្រហារ និងបំផ្ទុះគ្រាប់បែក នៅខេត្តភាគខាងត្បូង ធ្វើឱ្យមនុស្ស១៧នាក់របួស

Bangkok Post

បរទេស ៖ អាជ្ញាធរបានបង្កើនវិធានការ សន្តិសុខនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារ ចំនួនពីរលើក ដែលបានធ្វើឲ្យមនុស្ស ១៧ នាក់បានរងរបួសកាលពីយប់ថ្ងៃអាទិត្យ ។ ប្រភពបានឲ្យដឹងថា មេបញ្ជាការកងទ័ពទី៤ លោកឧត្តមសេនីយ៍ឯក Paisal Noosang បានបញ្ជាឲ្យពង្រឹងវិធានការ សន្តិសុខនៅក្នុងទីក្រុង តំបន់សេដ្ឋកិច្ច និងតំបន់ងាយរងគ្រោះក្នុងស្រុក Muang និងទីក្រុង Sunai Kolok។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ចលនានេះបានឆ្លើយ តបទៅនឹងឧប្បត្តិហេតុបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារចំនួនពីរនៅក្នុងស្រុក Muang និង ស្រុក Waeng កាលពីយប់ថ្ងៃអាទិត្យ។

នៅស្រុក Muang ម៉ូតូមួយគ្រឿងចត នៅខាងក្រៅអគារស្នាក់នៅ របស់មន្ត្រីប៉ូលិសឃុំខកឃៀន ក្នុងឃុំខកឃៀន។ ម៉ូតូនោះ បានផ្ទុះនៅម៉ោង៦ និង៤៥នាទីយប់ថ្ងៃអាទិត្យ។ ផលប៉ះពាល់បានធ្វើឱ្យខូចខាតអគារ និងរបងរបស់អគារ ព្រមទាំងរថយន្ត មួយចំនួន ។ ការបំផ្ទុះក៏បានធ្វើឱ្យមនុស្ស ៩នាក់រងរបួស រួមទាំងកុមារដែលដើរ កាត់កន្លែងកើតហេតុ នៅពេលមានការផ្ទុះផងដែរ ។

នៅក្នុងស្រុក Waeng ជនប្រដាប់អាវុធ មួយក្រុម បានគប់គ្រាប់ បែកដៃ និងបាញ់ទៅលើជនជាតិថៃ ដែលកាន់សាសនា ព្រះពុទ្ធ ដែលកំពុងទទួលទានអាហារ ពេលល្ងាច នៅមុខផ្ទះមួយក្នុងភូមិ Ban Khor Ler Thu Wor នៅម៉ោង ៧ និង ១៥ នាទីយប់ថ្ងៃអាទិត្យ។ មនុស្ស៧នាក់បានរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sungai Kolok ៕

To Top