ព័ត៌មានអន្តរជាតិ

រញ្ជួយដីចំនួន៧ដង វាយប្រហារខេត្ត Mae Hong Son និងតាមបណ្តោយព្រំដែនប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃចន្ទនេះ

The Nation

បរទេស៖ យោងតាមនាយកដ្ឋានអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា ការរញ្ជួយដីចំនួន ៧ ដង ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ាកាលពីព្រឹកថ្ងៃចន្ទនេះ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ចន្លោះពីពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៧ព្រឹក ការរញ្ជួយដីចំនួន ៧ដង បានកើតឡើងនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ខណៈដែលមួយបានកើតឡើងនៅស្រុក Pai ខេត្ត Mae Hong Son ។ ការរញ្ជួយខ្លាំងបំផុតដែលមានកម្រិត ៤.៣ រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ានៅម៉ោង ៤ និង១៧នាទីព្រឹក។

បើតាមសារព័ត៌មាន AP , របាយការណ៍មួយនៅក្នុងកាសែតរដ្ឋ Myanma Alinn ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ៣.៧២៦ នាក់ ដោយមនុស្សចំនួន ៥.១០៥ នាក់បានរងរបួស និង ១២៩ នាក់នៅតែបាត់ខ្លួន។ កាសែតបានសរសេរថា អ្នកជួយសង្គ្រោះអន្តរជាតិ ១.៩៧៥ និងបុគ្គលិកពេទ្យមកពី ២៥ប្រទេសបានសហការជាមួយអ្នកជួយសង្គ្រោះក្នុងស្រុកក្នុងការជួយសង្គ្រោះមនុស្ស ៦៥៣នាក់ និងបានរកឃើញសាកសពចំនួន ៧៥៣ នាក់ពីក្រោមគំនរបាក់បែក។

Myanma Alinn បាននិយាយថា ផ្ទះនិងអគារចំនួន ៦៥.០៩៦ខ្នង, សាលារៀន ២.៥១៤ខ្នង, វត្តអារាមពុទ្ធសាសនាដែលជាកន្លែងស្នាក់នៅចំនួន ៤.៣១៧, និងវត្តអារាមចំនួន ៦.០២៧, មន្ទីរពេទ្យ និងគ្លីនិកចំនួន ៣៥០, ស្ពានចំនួន ១៧០, ទំនប់វារីអគ្គិសនីចំនួន ៥៨៦ ហើយក៏មានផ្នែកចំនួន ២០៣ នៃផ្លូវធំរបស់ប្រទេសត្រូវបានខូចខាតដោយសារគ្រោះរញ្ជួយដី៕

ប្រែសម្រួលៈ ណៃ តុលា

To Top