នាពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីន បានឃុបឃិតជាមួយអាមេរិកធ្វើសមយុទ្ធ “ប្រកៀកស្មា”ប្រចាំឆ្នាំ២០២៥ ដោយមិនអើពើពីការតវ៉ាយ៉ាងខ្លាំងក្លា របស់ប្រជាពលរដ្ឋប្រទេសហ្វីលីពីន ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍ គឺ សមយុទ្ធលើកនេះ មិនត្រឹមតែធ្វើនៅកោះLuzon ដែលស្ថិតនៅភាគខាងជើង នៃប្រទេសហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងបានពង្រីកទៅដល់ប្រជុំកោះBatan ដែលមានទីតាំងកាន់តែខិតជិត នឹងតំបន់ចិនតៃវ៉ាន់ ។ ទាក់ទិននឹងករណីនេះ ក្រសួងការបរទេសចិន បានឆ្លើយតបយ៉ាងច្បាស់លាស់ថា ប្រឆាំងយ៉ាងមុតមាំចំពោះប្រទេសណាទាំងអស់ ដែលបង្កើនការដាក់ពង្រាយកងទ័ពក្នុងតំបន់ ដោយយកបញ្ហាតៃវ៉ាន់ ធ្វើជាលេស ក៏ដូចជាញុះញង់ការបដិបក្ខគ្នានិងបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។

ពិតមែនតែភាគីហ្វីលីពីន អះអាងថា សមយុទ្ធលើកនេះមិនសំដៅ ចំពោះប្រទេសណាមួយទេ ប៉ុន្តែបើមើលពីការរៀបចំចាត់ចែង របស់សមយុទ្ធលើកនេះ អាចឃើញថា ពាក្យសំដីនេះ បានលាក់បាំងការពិតជាក់ស្តែង ។ មួយផ្នែក ទ្រង់ទ្រាយនៃសមយុទ្ធនិង ចំនួនប្រទេសអ្នកសង្កេតការណ៍ សុទ្ធតែបានបំបែក កំណត់ត្រា ខ្ពស់បំផុត ដែលបានបង្កបង្កើតស្ថានការដ៏តានតឹងក្នុងតំបន់ ។ មួយផ្នែកទៀត ឆ្លៀតឱកាសនេះ អាមេរិកបានដឹកជញ្ជូនអាវុធ វាយប្រហារធុនថ្មី ទៅកាន់ហ្វីលីពីន អាវុធខ្លះប្រហែលនឹងដាក់ពង្រាយនៅហ្វីលីពីន បន្ទាប់ពីបញ្ចប់សមយុទ្ធ ដែលបានធ្វើហានិភ័យបដិបក្ខគ្នា នៅក្នុងតំបន់ឡើងខ្ពស់ ។ ទីបី ទីតាំងធ្វើសមយុទ្ធបានងាក ទៅកាន់ទិសដៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ចេតនាសំដៅចំពោះប្រទេសចិន ក៏ត្រូវលាតត្រដាងយ៉ាងច្បាស់ ។
អាមេរិកសហការ ជាមួយហ្វីលីពីនកកូរកកាយ ស្ថានការណ៍នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង នៅពីក្រោយនេះ គឺបង្កប់នូវការគិតគូរ ដ៏អាក្រក់ ដែលចង់ផ្លាស់ប្តូរផលប្រយោជន៍ ។ ចាប់ពីបន្តផ្តល់ជំនួយយោធា ចំនួន៣៣៦លានដុល្លារអាមេរិកដល់ហ្វីលីពីន ដល់អនុញ្ញាតឱ្យ លក់យន្តហោះប្រយុទ្ធ F-16 ក្នុងតម្លៃ៥៥៨០លានដុល្លារអាមេរិក ទៅកាន់ហ្វីលីពីន រហូតដល់ពង្រីកទ្រង់ទ្រាយ និងក្របខ័ណ្ឌធ្វើសមយុទ្ធរួម ជាមួយហ្វីលីពីន គោលបំណងសំខាន់ របស់អាមេរិក គឺចាប់ចង“ទ័ពស្រួច”នេះកាន់តែតឹង ដើម្បីដាក់កំហិតទៅលើ ប្រទេសចិនកាន់តែធ្ងន់ធ្ងរ ។
និយាយចំពោះហ្វីលីពីនវិញ បន្ទាប់ពីលោក Ferdinand Romualdez Marcos បានឡើងកាន់មុខតំណែង ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន លោកសុខចិត្តចាប់ចងហ្វីលីពីន ទៅនឹងរថពាសសង្គ្រាម របស់អាមេរិក ។ ហើយបានបង្ហាញអាកប្បកិរិយាអវិជ្ជមាន និងមានទង្វើអាក្រក់ជាច្រើនដងក្នុងបញ្ហាតៃវ៉ាន់ ។
តាមពិតទៅ នៅថ្ងៃដែលធ្វើសមយុទ្ធរួម មហាជនហ្វីលីពីន ក៏បានរៀបចំការជួបជុំតវ៉ា នៅខាងក្រៅនៃទីស្នាក់ការកណ្តាល នៃកងកម្លាំងប្រដាប់អាវុធ របស់ហ្វីលីពីន ហើយស្រែកពាក្យស្លោកដើម្បីប្រឆាំងតវ៉ាចំពោះសមយុទ្ធរួម ។ ពួកគេសម្គាល់ឃើញថា សមយុទ្ធរួមរបស់អាមេរិកនិងហ្វីលីពីន មិនត្រឹមតែនឹងបង្កជាគំរាមកំហែង ដល់សន្តិសុខនិងអធិបេតយ្យភាព របស់ប្រទេសជាតិហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើឱ្យស្ថានការណ៏ ក្នុងតំបន់មានភាពកាន់តែតានតឹងទៀតផង ។
ជាងដប់ថ្ងៃមុន នៅប្រទេសហ្វីលីពីន ចិននិងប្រទេសអាស៊ានបានរៀបចំធ្វើកិច្ចប្រជុំ នៃក្រុមការងារចម្រុះលើកទី៤៧ ស្តីពីការអនុវត្ត « សេចកី្តប្រកាសប្រតិបតិ្តសមុទ្រ ចិនខាងត្បូង» ។ បណ្តាភាគីនានាបានយល់ព្រមជាឯកច្ឆន្ទថា នឹងបន្តបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការ រួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៃសមុទ្រចិនខាងត្បូង ។ ប៉ុន្តែ ពេលនេះ ហ្វីលីពីនបែជាឃុបឃិត ជាមួយប្រទេសនៅក្រៅតំបន់ធ្វើសមយុទ្ធយោធា ដែលបានក្លាយជា “អ្នកខុសប្លែក” ក្នុងតំបន់និង “អ្នកក្បត់”សន្តិភាព ។ ក្នុងដំណើរនេះ ហ្វីលីពីនបានលក់ភាពម្ចាស់ការរបស់ប្រទេសជាតិទៅឱ្យគេ ប៉ុន្តែអ្វីដែលទទួលបាន គឺក្រដាសទទេស្តីពីពាក្យសន្យសន្តិសុខ និងលទ្ធផលចុងក្រោយ ដែលគួរឱ្យសង្វេគ ប្រៀបដូចជាប្រលែងលេងជាមួយនឹងភ្លើង ៕
