ព័ត៌មានអន្តរជាតិ

សេតវិមានអះអាងថា មន្ទីរបញ្ចកោណទាំងមូល កំពុងធ្វើការប្រឆាំង នឹងរដ្ឋមន្រ្តីការពារជាតិ លោក Pete Hegseth

XINHUA

បរទេស៖ យោងតាមអ្នកនាំពាក្យ សេតវិមានលោកស្រី Karoline Leavitt បាននិយាយថា មន្ទីរបញ្ចកោណកំពុងធ្វើសង្រ្គាម ជាមួយប្រមុខការពារជាតិ របស់ខ្លួន គឺលោក Pete Hegseth ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ កម្មវិធី Fox and Friends កាលពីថ្ងៃចន្ទ លោកស្រី Leavitt បានបញ្ជាក់ពីទំនុកចិត្តទាំងស្រុងរបស់ប្រធានាធិបតីអាមេរិក Donald Trump ចំពោះការដឹកនាំរបស់លោក Hegseth ជារដ្ឋមន្រ្តីការពារជាតិ។

លោកស្រី Karoline Leavitt បាននិយាយថា “នេះគឺជាអ្វីដែលកើតឡើង នៅពេលដែលមន្ទីរបញ្ចកោណទាំងមូលកំពុងធ្វើការប្រឆាំងនឹងអ្នក និងធ្វើការប្រឆាំង នឹងការផ្លាស់ប្តូរដ៏ធំធេង ដែលអ្នកកំពុងព្យាយាមអនុវត្ត” ។ លោកស្រីបានចោទថា អ្នកដែលប្រឆាំងនឹងលោក Hegseth គឺមិនសប្បាយចិត្តនឹងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការ “ក្រោកឈរឡើងសម្រាប់អ្នកប្រយុទ្ធសង្រ្គាម” ហើយកំពុងប្រើប្រាស់ “ការលេចធ្លាយ និង… ការកុហកក្នុងប្រព័ន្ធផ្សព្វផ្សាយ” ដើម្បីធ្វើឱ្យលោក Hegseth ខូចកេរ្តិ៍ឈ្មោះ។

រដ្ឋបាលរបស់ប្រធានាធិបតី Trump បានក្រោកឡើងដើម្បីការពារលោក Hegseth បន្ទាប់ពីរបាយការណ៍របស់ New York Times ដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យមុន ដែលបានចោទប្រកាន់គាត់ ពីការចែករំលែកព័ត៌មានរសើប ទាក់ទងនឹងប្រតិបត្តិការ នៅក្នុងប្រទេសយេម៉ែន ជាមួយប្រពន្ធ និងប្អូនប្រុស ដែលខ្វះការបោសសំអាតសន្តិសុខ៕
ប្រែសម្រួលៈ ណៃ តុលា

To Top