ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា តាមរយៈការក្រោកឈរប្រឆាំងនឹងការប្រើប្រាស់ពន្ធរបស់សហរដ្ឋអាមេរិកជាអាវុធ ប្រទេសចិន មានគោលបំណងមិនត្រឹមតែការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សានូវច្បាប់អន្តរជាតិ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផងដែរ ។
លោក វ៉ាង យី ក៏ជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេស អង់គ្លេសលោក David Lammy នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជាមួយគ្នានេះដែរអ្នកនាំពាក្យចិនលោក Guo Jiakun បានឲ្យដឹងថា ការកែប្រែទ្រឹស្តី «ការលេចធ្លាយមន្ទីរពិសោធន៍» នៅលើគេហទំព័រដែលពាក់ព័ន្ធ និងការលាបពណ៌ចិន ជាមួយនឹងការចោទប្រកាន់ ដែលមិនអាចបញ្ជាក់បាន គឺគ្រាន់តែជាឧបាយកលមួយទៀត ដែលសហរដ្ឋអាមេរិក ប្រើសម្រាប់ឧបាយកល នយោបាយ ក្រោមលេសនៃប្រភពដើមនៃ COVID-19 តែប៉ុណ្ណោះ។
កាលពីចុងសប្តាហ៍មុន សេតវិមានបានដាក់ចេញគេហទំព័រថ្មីមួយ ដែលបង្ហាញពីប្រភពដើម នៃការរីករាលដាលនៃមេរោគ COVID-19 ហើយថា “ការរីករាលដាលបានចាប់ផ្តើម នៅក្នុងការលេចធ្លាយមន្ទីរពិសោធន៍ នៅក្នុងប្រទេសចិន” ។ ជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ អ្នកនាំពាក្យចិនលោក Guo Jiakun បានប្រាប់សន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា ការតាមដានប្រភពដើម នៃមេរោគ គឺជាបញ្ហាវិទ្យាសាស្ត្រដ៏ធ្ងន់ធ្ងរមួយ ។ ប្រទេសចិនបានគាំទ្រ យ៉ាងសកម្ម និងចូលរួមក្នុងការស្វែងរកប្រភពដើម តាមវិទ្យាសាស្ត្រជាសកលក្នុងស្មារតីវិទ្យាសាស្ត្រ ភាពបើកចំហ និងតម្លាភាព។
លោកបានជំរុញ ឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើនយោបាយ និងការស្វែងរកអាវុធ ពីប្រភពដើមភ្លាមៗ បញ្ឈប់ការបោកប្រាស់អ្នកដទៃ និងឈប់លេងថ្លង់ ចំពោះសំណួរ ទាក់ទងនឹងតួនាទីរបស់ខ្លួនក្នុងជំងឺរាតត្បាត ។ លោកបានកត់សម្គាល់ថា “សហរដ្ឋអាមេរិក នៅតែជំពាក់សហគមន៍ អន្តរជាតិ នូវការឆ្លើយតបដ៏ជាក់លាក់មួយ ចំពោះកង្វល់ស្របច្បាប់ទាំងនោះ និងការពន្យល់ប្រកបដោយការទទួលខុសត្រូវ ចំពោះប្រជាជននៃពិភពលោក”។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ចាប់តាំងពីជំងឺរាតត្បាត បានចាប់ផ្តើម យើងបានឃើញរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន អំពីតម្រុយត្រូវបានរកឃើញនៅក្នុងទីតាំង និងប្រទេសជាច្រើនជុំវិញ ពិភពលោកអំពីប្រភពដើមនៃមេរោគ” ដោយចង្អុលបង្ហាញថា សហរដ្ឋអាមេរិក គឺជាកន្លែងមួយក្នុងចំណោមកន្លែងទាំងនោះ ហើយធ្លាប់ទទួលរងពីជំងឺសួត និងបញ្ហានៃមន្ទីរពិសោធន៍ជីវសាស្ត្រ Fort Detrick ៕
ប្រែសម្រួល ឈូក បូរ៉ា
