ប៉េកាំង៖ ការកែប្រែទ្រឹស្តី «ការលេចធ្លាយមន្ទីរពិសោធន៍» នៅលើគេហទំព័រ ដែលពាក់ព័ន្ធ និងការលាបពណ៌ចិន ជាមួយនឹងការចោទប្រកាន់ ដែលមិនអាចបញ្ជាក់បាន គឺគ្រាន់តែជាឧបាយកលមួយទៀត ដែលសហរដ្ឋអាមេរិក ប្រើសម្រាប់ឧបាយកលនយោបាយ ក្រោមលេសនៃប្រភពដើមនៃ COVID-19 តែប៉ុណ្ណោះ នេះបើយោងតាមការលើកឡើង របស់អ្នកនាំពាក្យចិនលោក Guo Jiakun ។
កាលពីចុងសប្តាហ៍មុន សេតវិមានបានដាក់ចេញគេហទំព័រថ្មីមួយ ដែលបង្ហាញពីប្រភពដើម នៃការរីករាលដាលនៃមេរោគ COVID-19 ហើយថា “ការរីករាលដាលបានចាប់ផ្តើម នៅក្នុងការលេចធ្លាយមន្ទីរពិសោធន៍នៅក្នុងប្រទេសចិន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ អ្នកនាំពាក្យចិនលោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការតាមដានប្រភពដើមនៃមេរោគ គឺជាបញ្ហាវិទ្យាសាស្ត្រដ៏ធ្ងន់ធ្ងរមួយ ។ ប្រទេសចិនបានគាំទ្រយ៉ាងសកម្ម និងចូលរួមក្នុងការស្វែងរកប្រភពដើម តាមវិទ្យាសាស្ត្រជាសកលក្នុង ស្មារតីវិទ្យាសាស្ត្រ ភាពបើកចំហ និងតម្លាភាព។
លោកបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការធ្វើនយោបាយ និងការស្វែងរកអាវុធពីប្រភពដើមភ្លាមៗ បញ្ឈប់ការបោកប្រាស់អ្នកដទៃ និងឈប់លេងថ្លង់ ចំពោះសំណួរទាក់ទងនឹងតួនាទីរបស់ខ្លួនក្នុងជំងឺរាតត្បាត ។ លោកបានកត់សម្គាល់ថា “សហរដ្ឋអាមេរិក នៅតែជំពាក់សហគមន៍ អន្តរជាតិនូវការឆ្លើយតបដ៏ជាក់លាក់មួយ ចំពោះកង្វល់ស្របច្បាប់ទាំងនោះ និងការពន្យល់ប្រកបដោយការទទួលខុសត្រូវ ចំពោះប្រជាជននៃពិភពលោក”។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ចាប់តាំងពីជំងឺរាតត្បាត បានចាប់ផ្តើម យើងបានឃើញរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនអំពីតម្រុយ ត្រូវបានរកឃើញនៅក្នុងទីតាំង និងប្រទេសជាច្រើនជុំវិញពិភពលោក អំពីប្រភពដើមនៃមេរោគ” ដោយចង្អុលបង្ហាញថា សហរដ្ឋអាមេរិក គឺជាកន្លែងមួយក្នុងចំណោមកន្លែងទាំងនោះ ហើយធ្លាប់ទទួលរងពីជំងឺសួត និងបញ្ហានៃមន្ទីរពិសោធន៍ជីវសាស្ត្រ Fort Detrick ៕
ប្រែសម្រួល ឈូក បូរ៉ា
