ព័ត៌មានអន្តរជាតិ

ទាហានឥណ្ឌា និងទាហានប៉ាគីស្ថាន បាញ់ដាក់គ្នាទៅវិញទៅមក នៅតំបន់កាស្មៀរដែលមានជម្លោះ ក្រោយហេតុការណ៍បាញ់សម្លាប់អ្នកទេសចរ ២៦នាក់

xinhua

បរទេស៖ មន្ត្រីឥណ្ឌាបាននិយាយថា កងទ័ពមានការបាញ់ប្រហារ រយៈពេលខ្លីជាមួយទាហានប៉ាគីស្ថាន នៅតាមព្រំដែនយោធា នៅក្នុងតំបន់ជម្លោះហិម៉ាឡៃយ៉ាន នៃកាស្មៀរ ខណៈដែលគូប្រជែង ប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរប្រទេស បានបង្កើនការវាយលុកផ្នែកការទូត បន្ទាប់ពីមានការវាយប្រហារ យ៉ាងសាហាវទៅលើភ្ញៀវទេសចរ ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា របាយការណ៍ នៃការប្រយុទ្ធគ្នាដោយកាំភ្លើង បានកើតឡើងចំពេលមានភាពតានតឹងកើនឡើង រវាងរដ្ឋាភិបាលទីក្រុងញូវដេលី និងទីក្រុងអ៊ីស្លាម៉ាបាដ បន្ទាប់ពីខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស ២៦ នាក់នៅជិតទីក្រុងរមណីយដ្ឋាន Pahalgam ក្នុងតំបន់ កាស្មៀរ កាលពីថ្ងៃអង្គារ។ ឥណ្ឌា ភ្លាមៗបានពណ៌នាការសម្លាប់រង្គាលនេះថា ជា “ការវាយប្រហារភេរវកម្ម” ហើយបាននិយាយថា វាមានទំនាក់ទំនងឆ្លងព្រំដែន ដោយបានបន្ទោសប៉ាគីស្ថានថាបានគាំទ្រអំពើនេះ។

ប្រទេសប៉ាគីស្ថានបានបដិសេធ ចំពោះការពាក់ព័ន្ធទៅនឹងការវាយប្រហារនេះ និងដែលត្រូវបានអះអាង ដោយក្រុមសកម្មប្រយុទ្ធមិនស្គាល់មុខពីមុន ដែលហៅខ្លួនឯងថា ការតស៊ូកាស្មៀរ ។

មន្ត្រីយោធាឥណ្ឌាបីនាក់បាននិយាយថា ទាហានប៉ាគីស្ថានបានប្រើអាវុធធុនតូច ដើម្បីបាញ់ទៅលើទីតាំងរបស់ឥណ្ឌា នៅតំបន់កាស្មៀរ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ មន្ត្រីដែលបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក្នុងការរក្សាគោលនយោបាយរបស់នាយកដ្ឋាន បាននិយាយថា ទាហានឥណ្ឌាបានបាញ់សងសឹកវិញ ហើយមិនមានរបាយការណ៍ ណាម្នាក់រងរបួសនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top